(កាលីហ្វរញ៉ា)៖ ប៉ូលិសអាមេរិកបានឲ្យដឹងថា នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) មនុស្ស៥នាក់ ក្នុងនោះមានមនុស្សធំ២នាក់ និងកុមារ៣នាក់ បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅទីក្រុង San Diego ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ចំណោមមនុស្សធំទាំង២នាក់នោះ មានបុរសអាយុ៣៩ឆ្នាំម្នាក់ និងស្រី្តអាយុ២៩ឆ្នាំម្នាក់ ខណៈប៉ូលិសសង្ស័យថា អាចមានម្នាក់ជាជនសង្ស័យ។ រីឯកុមារទាំង៣នាក់វិញ គឺអាយុចន្លោះត្រឹម៣-៩ឆ្នាំប៉ុណ្ណោះ។ បើតាមអាជ្ញាធរអាមេរិក បុរសនិងស្រ្តីនោះ រួមទាំងកុមារអាយុ៣ឆ្នាំម្នាក់ ត្រូវគេរកឃើញថាបានស្លាប់នៅកន្លែងកើតហេតុតែម្តង ដែលជាលំនៅឋានរបស់ពួកគេ ខណៈក្មេងពីរនាក់ទៀតបានបាត់បង់ជីវិត ពេលកំពុងព្យាយាមសង្រ្គោះនៅមន្ទីរពេទ្យ។ ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ថា មានក្មេងប្រុសម្នាក់ទៀតអាយុ១១ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរផងដែរ។
គួរជម្រាបថា ប៉ូលិសទីក្រុង San Diego បានរកឃើញកាំភ្លើងមួយដើមក្នុងផ្ទះខាងលើ ប៉ុន្តែមិនបានបញ្ជាក់ប្រភេទរបស់វា ឬមួយក៏ចេតនាដែលអាចនៅពីក្រោយករណីបាញ់ប្រហារនេះឡើយ។ ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទើបតែករណីបាញ់ប្រហារមួយក្នុងវិទ្យាល័យ Saugus នៅទីក្រុង Santa Clarita ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ាហើយប៉ុណ្ណោះ ដែលបានបណ្តាលឲ្យសិស្ស២នាក់ស្លាប់ និង៣នាក់ទៀតរងរបួស៕