(ការ៉ាកាស់)៖ គណបក្សប្រឆាំងវេណេស៊ុយអេឡា នឹងរៀបចំការធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេស នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងគោលបំណងធ្វើឱ្យរស់ឡើងវិញនូវ ចលនាបណ្ដេញលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង ខណៈលោកនៅតែបន្តកាន់អំណាច ទោះជាប្រទេសជាតិធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងរងទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
គម្រោងដឹកនាំធ្វើបាតុកម្មជាថ្មីរបស់លោក Juan Guaido ត្រូវបានគេឃើញថាមេបក្សប្រឆំាងវេណេស៊ុយអេឡា រូបនេះទំនងជាចង់យកគំរូតាមបាតុកម្មតវ៉ានៅបូលីវី ដែលបានបង្ខំឱ្យលោក Evo Morales លាលែងចេញពីតំណែង ជាប្រធានាធិបតី កាលពីថ្ងៃអាទិត្យកន្លងទៅ។ លោក Guaido បានបញ្ជាក់នៅក្នុងសារមួយបង្ហោះលើ Twitter ដូច្នេះថា៖ «របបផ្ដាច់ការ (នីកូឡាស់ ម៉ាឌូរ៉ូ) បានបំផ្លាញប្រជាជនវេណេស៊ុយអេឡា តែពួកគេមិនអាចទទួលជោគជ័យ ក្នុងការធ្វើឱ្យពួកយើងរស់នៅក្នុងភាពវេទនា ជារៀងរហូតនោះទេ»។
គួរបញ្ជាក់ថា ប្រទេសច្រើនជាង៥០ ជាពិសេសគឺសហរដ្ឋអាមេរិក បានទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី។ ប៉ុន្តែ លោក ម៉ាឌូរ៉ូ បានចាត់ទុកថាមេបក្សប្រឆាំងរូបនេះគឺជាអាយ៉ងរបស់ ទីក្រុងវ៉ាស៊ីនតោន ព្រមទាំងទម្លាក់ការទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន ទៅលើទណ្ឌកម្មអាមេរិក៕