(អ៉ីស្រាអែល)៖ កងកម្លាំងការពារជាតិអ៉ីស្រាអែល (IDF) នៅថ្ងៃសៅរ៍នេះ បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស យ៉ាងសន្ធាប់លើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា (Gaza) ជាការសងសឹកទៅនឹងការ បាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ធ្លាក់ចូលក្នុងទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងសារមួយបង្ហោះលើ Twitter កងកម្លាំងការពារជាតិអ៊ីស្រាអែល បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «យើងកំពុងបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមភេរវករហាម៉ាស់ (Hamas) នៅក្នុងតំបន់ហ្គាហ្សា»។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍លម្អិតពីចំនួនអ្នករងរបួស ឬស្លាប់នៅឡើយទេ ដោយគ្រាន់តែគេដឹងថាការវាយប្រហារនេះ ធ្វើឡើងដោយរំលោភលើបទឈប់បាញ់មួយចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា ធ្លាក់ចូលទឹកដី អ៊ីស្រាអែល។
គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើង ក្រោយមេបញ្ជាការក្រុមជីហាដប៉ាឡេស្ទីន ឈ្មោះ Baha Abu al-Ata ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល កាលពីប៉ុន្មាន ថ្ងៃមុននេះ។ ម្យ៉ាងវិញទៀត បើតាមយោធាអ៊ីស្រាអែល គ្រាប់រ៉ុក្កែតជាង ៤៥០គ្រាប់ ត្រូវបានបាញ់ចេញពីហ្គាហ្សា ឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល ខណៈអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ឱ្យដឹងដែរថាមនុស្ស៣៤នាក់ បានស្លាប់ និងជាច្រើននាក់រងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាស៕