(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងបន្តសុពលភាពនៃអាជ្ញាប័ណ្ណមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនានា បន្តរកស៊ីជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ក្រោយពីមានសំណើជាង ២០០ ត្រូវបានដាក់មកសុំអាជ្ញាប័ណ្ណ ក្នុងនោះត្រូវបានគេជឿជាក់ថា ក៏មានក្រុមហ៊ុនយក្ស Google ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន New York Times នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
សារព័ត៌មាន New York Times ផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណ ដែលដឹងលឺព័ត៌មានពីការបន្តសុពលភាពនេះបានឱ្យដឹងទៀតថា អាជ្ញាប័ណ្ណកាលពីលើកមុន ដោយក្រសួងពាណិជ្ជកម្មអាមេរិកត្រូវផុតកំណត់នៅថ្ងៃចន្ទសប្ដាហ៍នេះ ប៉ុន្តែរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងបន្តសុពលភាពអាជ្ញាប័ណ្ណនេះ ដើម្បីជួយសម្រួលដល់កិច្ចចរចាពាណិជ្ជកម្មជាមួយចិន។
តែមកទល់នឹងពេលនេះ ទាំងខាងក្រុមហ៊ុន Huawei និងក្រសួងពាណិជ្ជកម្មអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយណាមួយ ជុំវិញសេចក្ដីរាយការណ៍របស់ New York Times នៅឡើយទេ។ តាមពិតទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន-អាមេរិក តំណាក់ទីមួយ ត្រូវបានគ្រោងធ្វើឡើងនៅចុងសប្តាហ៍នេះ តាមរយៈកិច្ចប្រជុំកំពូល APEC នៅឈីលី ប៉ុន្តែរដ្ឋាភិបាលឈីលីកាលពីដើមខែវិច្ឆិកា បានប្រកាសលុបចោលវិញដោយសារបាតុកម្ម៕