(អាមេរិក)៖ បណ្តាញផ្កាយរណប Starlink ដែលជាគំរោងដ៏ធំធេងរបស់ក្រុមហ៊ុន អវកាសអាមេរិក SpaceX នោះត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស តាំងតែពីអំឡុងខែឧសភា ឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែមួយរយៈចុងក្រោយគឺអំឡុងខែវិច្ឆិកានេះ វាបានចល័តទាំងខ្សែពីលើ បណ្តាប្រទេសមួយចំនួននៅជុំវិញភពផែនដី ខណៈប្រជាជនកម្ពុជាមួយចំនួន ក៏បានថតយកទិដ្ឋភាពនេះ និងបង្ហោះលើបណ្តាញសង្គមដើម្បីបង្ហាញការងឿងឆ្ងល់ផងដែរ។
តាមពិតទៅផ្កាយរណបចំនួន ៦០គ្រឿងរបស់ SpaceX ខាងលើនេះ ត្រូវបានបាញ់បង្ហោះឡើង ដើម្បីចាប់ផ្តើមគំរោងផ្គត់ផ្គង់សេវាអ៊ីនធើណិត នៅទូទាំងសហរដ្ឋអាមេរិក ហើយការបាញ់បង្ហោះជាបន្តបន្ទាប់នឹងត្រូវធ្វើឡើង រហូតទៅដល់គ្រប់ចំនួន ១,៨០០គ្រឿងក្នុងតំណាក់កាលទី១ ដើម្បីផ្គត់ផ្គង់សេវាអ៊ីនធើណិត ដល់បណ្តាទីប្រជុំជនភាគច្រើន ដែលមានមនុស្សរស់នៅកកកុញបំផុតនៅទូទាំងភពផែនដី។
ផ្កាយរណបទាំង ៦០គ្រឿងដែលតម្រៀបគ្នាជាជួរដូចរថភ្លើងខាងកើនេះ ក្នុងមួយគ្រឿងៗមានទម្ងន់ ២២៧គីឡូក្រាម និងដើរដោយថាមពលព្រះអាទិត្យ តាមរយៈបន្ទះសូឡាដែលភ្ជាប់នៅតួខ្លួនពួកវា។ លោក អេឡុន ម៉ាសក៍ (Elon Musk) មហាសេដ្ឋីអាមេរិក និងជាម្ចាស់របស់ SpaceX ធ្លាប់បានលើកឡើងថា លោកចង់ឲ្យតំបន់ដែលគ្មានអ៊ីនធើណិត ឬតំបន់ដែលមានតម្លៃសេវាអ៊ីនធើណិតថ្លៃ ទទួលបានប្រយោជន៍ពីផ្កាយរណបផ្តល់សេវាអ៊ីនធើណិតរបស់ SpaceX ទាំងនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon របស់កំពូលមហាសេដ្ឋីអាមេរិកលោក ចេហ្វ បេហ្សូស (Jeff Bezos) កំពុងសិក្សាបង្កើតគំរោងដូច SpaceX ផងដែរ។ ដោយឡែកសម្រាប់ការចល័ត ផ្កាយរណបទាំងខ្សែឆ្លងកាត់តំបន់ជាច្រើនលើលោក ដែលមានការរាយការណ៍ដូចជានៅវៀតណាម កម្ពុជា និងប្រទេសមួយចំនួនទៀតនេះ គឺមិនទាន់មានការបញ្ជាក់អំពីមូលហេតុនោះឡើយ។ បណ្តាញផ្កាយរណប Starlink ទាំង ៦០គ្រឿងនេះមានកម្ពស់ប្រមាណជាង ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី៕
ប្រភព៖ FOX News (ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩)