(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Google បានសម្រេចចិត្តផ្លាស់ប្ដូរកិច្ចប្រជុំប្រចាំសប្ដាហ៍ ឬគេស្គាល់ថា កិច្ចប្រជុំ TGIF ទៅជាកិច្ចប្រជុំប្រចាំខែវិញ បន្ទាប់ពីមានការលេចធ្លាយព័ត៌មាន ពាក់ព័ន្ធនឹងបច្ចេកវិទ្យារបស់ខ្លួនមួយចំនួនជាបន្តបន្ទាប់។ នេះបើតាមគេហទំព័រ The Verge ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
គេហទំព័រ The Verge ផ្អែកលើសារអេឡិចត្រូនិច ឬ email របស់ CEO ក្រុមហ៊ុន Google លោក សាន់ដា ភីឆៃ (Sundar Pichai) ផ្ញើជូនបុគ្គលិកដែលខ្លួនទទួលបានបញ្ជាក់ទៀតថា កិច្ចប្រជុំប្រចាំសប្ដាហ៍ TGIF នឹងក្លាយជាកិច្ចប្រជុំប្រចាំខែវិញ ហើយនឹងផ្ដោតសំខាន់តែទៅលើផលិតកម្ម និងយុទ្ធសាស្ត្រពាណិជ្ជកម្មប៉ុណ្ណោះ។ លោកបន្ថែមថា កិច្ចប្រជុំ TGIF បានផ្ដល់ឱកាសឱ្យដល់បុគ្គលិកជួបជុំគ្នា ចែករំលែកភាពរីកចម្រើន និងលើកឡើងនូវសំនួរនានា ប៉ុន្តែបច្ចុប្បន្នពេលនេះវាមិនអាចដំណើរការដូចមុននោះទេ ក្រោយមានការលេចធ្លាយព័ត៌មាន ពាក់ព័ន្ធនឹងបច្ចេកវិទ្យាមួយចំនួនរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ រាល់ពេលចប់កិច្ចប្រជុំម្តងៗ។
គួរបញ្ជាក់ថា នៅក្នុង email របស់ CEO ក្រុមហ៊ុន Google លោក Sundar Pichai មិនបានបញ្ជាក់លម្អិតថា ព័ត៌មានអ្វីឱ្យប្រាកដដែលបានលេចធ្លាយនោះទេ តែក្រុមបុគ្គលិកធ្លាប់សម្ដែងការតវ៉ា ជុំវិញគម្រោងធ្វើការជាមួយមន្ទីរបញ្ចកោណ និងគម្រោងបង្កើត censor សម្រាប់ប្រព័ន្ធស្វែងរកសម្រាប់ចិន ឬ Chinese search engine៕