(បរទេស)៖ ការសិក្សាស្រាវជ្រាវថ្មីបានរកឃើញថា រណ្តៅអាចម៍ផ្កាយ Jezero ជាទីដែលយាន Mars 2020 Rover នឹងធ្វើការសិក្សារុករកនៅខែកុម្ភៈ ឆ្នាំ២០២១នោះ មានផ្ទុកនូវបណ្តុំប្រភេទសារធាតុរ៉ែ ដែលនៅលើផែនដីយើង អំណោយផលសម្រាប់ការរក្សាទុកនូវពពួកសំណាកហ្វូស៊ីលតូចៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
តាមរយៈការវិភាគទៅលើទិន្នន័យប្រមូលបានពីផ្កាយរណប Mars Reconnaissance Orbiter អ្នកស្រាវជ្រាវមួយក្រុមបានរកឃើញទីតាំងចំនួនពីរនៅក្នុងរណ្តៅ Jezero ដែលសម្បូរទៅដោយសារធាតុម៉្យាងហៅថា Hydrated Silica ខណៈការសិក្សាថ្មីដាច់ដោយឡែកមួយទៀត បានរកឃើញវត្តមាននៃសារធាតុ Carbonate នៅក្នុងរណ្តៅអាចម៍ផ្កាយនេះ។ សារធាតុទាំងនេះសុទ្ធតែអាចជួយអ្នកវិទ្យាសាស្រ្តស្វែងយល់ អំពីប្រវត្តិរបស់ភពអង្គារ (Mars)។
គួរជម្រាបថា នាពេលឆាប់ៗខាងមុខនេះ បេសកកម្ម Mars 2020 នឹងទទួលបានឈ្មោះផ្លូវការថ្មី តាមរយៈកម្មវិធីប្រកួតប្រជែងដាក់ឈ្មោះ ដោយសិស្សសាលានៅសហរដ្ឋអាមេរិក។ បេសកកម្មនេះត្រូវបានគេកំណត់ថា នឹងចេញដំណើរនៅខែកក្កដា ឆ្នាំ២០២០ ហើយទៅដល់តំបន់រណ្តៅអាចម៍ផ្កាយ Jezero នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ នៅពេលប្រហាក់ប្រហែលគ្នានោះ យានឈ្មោះ Rosalind Franklin ដែលជាគម្រោងបេសកកម្មរួមរវាងអឺរ៉ុប និងរុស្ស៊ីក៏នឹងត្រូវបញ្ជូនទៅដល់ភពក្រហមនេះផងដែរ ប៉ុន្តែទីតាំងមិនទាន់ត្រូវបានប្រកាសឲ្យដឹងទេ៕