(បាងកក)៖ ថ្លែងក្នុងវេទិកាធុរកិច្ចសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៩ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅទីក្រុងបាងកក លោក James Wu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានអំពាវនាវឱ្យមានការខិតខំរួមគ្នាមួយនៅតាមបណ្តាប្រទេសនិងឧស្សាហកម្ម ដើម្បីពន្លឿនឌីជីថលភាវូបនីយកម្មនៅក្នុងអាស៊ាននិងចាប់យកឱកាសពីបច្ចេកវិទ្យា 5G, Cloud និង AI។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Huawei នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Wu បានមានប្រសាសន៍ក្នុងកិច្ចពិភាក្សាស្តីពី «ចក្ខុវិស័យរបស់នាយកប្រតិបត្តិអាស៊ាន ២០២០ - ASEAN CEO’s Vision 2020 & Beyond» យ៉ាងដូច្នេះថា «ឆ្នាំ២០២០ នឹងក្លាយជាគោលដៅដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្ត បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT) របស់អាស៊ាន ព្រោះវាជាឆ្នាំដែលកត់សម្គាល់ពីការចាប់ផ្តើម នៃភាពទូលំទូលាយនៃការប្រើប្រាស់ជាផ្លូវការនៃបច្ចេកវិទ្យា 5G។ វាគឺជាការចាប់ផ្តើមនៃយុគសម័យឆ្លាតវៃ ដែលអាចជំរុញភាពច្នៃប្រឌិត របស់យុវជនជំនាន់ក្រោយរបស់អាស៊ាន។
លោកបានបន្តថា «ប្រសិនបើអ្នកក្រឡេកមើលលើតួលេខនៃការអភិវឌ្ឍន៍ផ្នែក ICT ក្នុងអាស៊ាន អ្នកអាចឃើញថា ការអភិវឌ្ឍគឺពិតជាមិនស្មើគ្នាទេ។ ប្រទេសភាគច្រើនក្នុងតំបន់អាស៊ាន នៅតែស្ថិតក្នុងដំណាក់កាលចាប់ផ្តើម។ ដើម្បីធ្វើឱ្យចក្ខុវិស័យឌីជីថលក្លាយជាការពិតមួយ តម្រូវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល ឧស្សាហកម្ម និងសង្គមទាំងមូល»។
លោក Wu បានស្នើអោយមានទស្សនវិស័យវែងឆ្ងាយ សម្រាប់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាស អំណោយផលមួយដល់អ្នកវិនិយោគ បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទំនាក់ទំនងព័ត៌មាន និងដាក់ចេញនូវគោលនយោបាយដូចជាការលើកទឹកចិត្តពន្ធ ដើម្បីជម្រុញសេដ្ឋកិច្ចឌីជីថល និងផ្តល់នូវធនធាន spectrum ដ៏ប្រសើរ ក៏ដូចជាគោលនយោបាយកំណត់តម្លៃ។
បច្ចេកវិទ្យា ICT នាពេលអនាគតមិនត្រឹមតែជាប្រព័ន្ធជំនួយប៉ុណ្ណោះទេ វាថែមទាំងជាប្រព័ន្ធផលិតកម្ម និងជាប្រព័ន្ធនៃការសម្រេចចិត្តសម្រាប់ឧស្សាហកម្មទៀតផង ព្រោះវានឹងក្លាយជា platform មួយ ដែលមិនអាចខ្វះបានសម្រាប់សហគ្រាស ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ ហើយទីបំផុតវាអាចជួយដល់ការស្វែងរកកំហុសហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រទីផ្សារនៃម៉ាកសញ្ញា ដើម្បីសម្របសម្រួលឲ្យកាន់តែប្រសើរ ចំពោះការកំណត់ពេលវេលាកិច្ចការងារ និងភាពត្រឹមត្រូវនៃការសម្រេចចិត្ត។
នៅត្រឹមឆ្នាំ ២០២៥ ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានសម្រាប់សហគ្រាសទាំងអស់ នឹងត្រូវធ្វើប្រតិបត្តិការលើបច្ចេកវិទ្យា cloud ហើយជាង ៨៥% នៃកម្មវិធី (application) របស់សហគ្រាសនឹងត្រូវដាក់ពង្រាយលើ cloud។
លោកបានបន្ថែមថា «5G + Cloud + AI គឺជាបច្ចេកវិទ្យាដ៏សំខាន់ ដែលអាចជួយជំរុញដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល។ ដោយសារតែយើងមិនអាចប៉ាន់ស្មាន នូវរាល់តម្រូវការអាជីវកម្មទាំងអស់ជាមុន ដូចនេះយើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធមួយ ដែលអាចបត់បែនបាន និងអាចឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងតម្រូវការ ក៏ដូចជាទំហំអាជីវកម្មនាពេលអនាគត ក្នុងយុគសម័យឆ្លាតវៃ»។
លោក Wu បានសង្កត់ធ្ងន់ថា ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដូចជា 5G, Cloud និង AI ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាឌីជីថលនៅអាស៊ាន ដោយផ្តល់ការប្រឹក្សាយោបល់អំពីយុទ្ធសាស្ត្រឌីជីថលថ្នាក់ជាតិ គាំទ្រដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលនៅក្នុងឧស្សាហកម្មផ្សេងៗ បណ្តុះបណ្តាលកំលាំងពលកម្មផ្នែកឌីជីថល និងការបង្កើតប្រព័ន្ធ ecosystem នៃឧស្សាហកម្មនេះប្រកបដោយភាពរីកចម្រើន។
កាលពីឆ្នាំ ២០១៨ កន្លងទៅ ក្រុមហ៊ុន Huawei បានប្រកាសផែនការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងទំហំទឹកប្រាក់ ៨១លានដុល្លារ ដើម្បីបណ្តុះបណ្តាលកម្លាំងពលកម្មផ្នែកឌីជីថល និងបានបង្កើតបន្ទប់ពិសោធន៍ ដើម្បីបង្កើតឲ្យមានអាជីវកម្មថ្មីៗ និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងតំបន់។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Huawei Academy នៅទីក្រុងបាងកក ដើម្បីបណ្តុះបណ្តាលទេពកោសល្យឌីជីថល និងបង្កើនល្បឿនឌីជីថលភាវូបនីយកម្មអាស៊ានផងដែរ។
លោក James Wu មានប្រសាសន៍ថា «នៅទូទាំងពិភពលោក គ្រប់សេដ្ឋកិច្ច និងឧស្សាហកម្មទាំងឡាយកំពុងប្រញាប់ប្រញាល់ ចាប់យកបច្ចេកវិទ្យា 5G, Cloud និង AI ដើម្បីផ្សារភ្ជាប់ទៅនិងការប្រកួតប្រជែង ហើយការវិនិយោគនេះកំពុងកើតឡើងលឿនជាងអ្វី ដែលយើងរំពឹងទុកទៅទៀត។ យើងត្រូវចាប់យកយុគសម័យថ្មីនេះ ដើម្បីធ្វើឱ្យចក្ខុវិស័យនេះក្លាយជាការពិត»៕