(អូស្រ្តាលី)៖ អាជ្ញាធរអូស្ត្រាលីបានចេញសេចក្ដីប្រកាសអាសន្នជាបន្ទាន់មួយ សម្រាប់តំបន់ ហកស៍ប៊ឺរី (Hawkesbury) ស្ថិតនៅជាយទីក្រុងស៊ីដនីនៅថ្ងៃសុក្រនេះ ខណៈភ្លើងឆេះព្រៃត្រូវបានគេរំពឹងថា នឹងបន្តការឆាបឆេះដោយធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅ កាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមការប្រកាសអាសន្នខាងលើ ប្រជាជននៅក្នុងតំបន់ Hawkesbury ត្រូវជម្លៀសខ្លួនជាបន្ទាន់ទៅកាន់តំបន់ វ៉ាប៊ឺហ្វស (Wilberforce) ហើយនេះគឺជាការចេញសេចក្ដីប្រកាសអាសន្នលើកទី ៤ គិតត្រឹមរសៀសថ្ងៃសុក្រនេះ នៅក្នុងរដ្ឋ ញូសោតវែលស៍ (New South Wales) ដែលបាននិងកំពុងរងគ្រោះដោយភ្លើងឆេះព្រៃរាប់រយកន្លែង។
គួរបញ្ជាក់ថា លក្ខខណ្ឌជាច្រើនត្រូវបានស្ដារឡើងវិញ ប៉ុន្តែក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្តតស៊ូ ប្រយុទ្ធនឹងអណ្ដាតភ្លើងឆេះព្រៃចំនួន ១២០កន្លែង ដែលបង្កឡើងដោយអាកាសធាតុក្ដៅហួតហែងនៅទូទាំងរដ្ឋ New South Wales និងរដ្ឋ ឃ្វីនស៍ឡេន (Queensland)។ លើសពីនេះទៅទៀតមកទល់នឹងបច្ចុប្បន្ន មនុស្ស ០៤នាក់ហើយបានបាត់បង់ជីវិតរីឯផ្ទះ ៣០០ខ្នងព្រមទាំងព្រៃឈើលើផ្ទៃដី ១លានហិកតាត្រូវបានបំផ្លាញនៅក្នុងរដ្ឋ New South Wales៕