Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតប្រធានាធិបតីអាមេរិក ប៊ីល គ្លីនតុន ប្រាប់លោក ត្រាំ កុំខ្វល់នឹងនីតិវិធីដកតំណែងប្រធានាធិបតី (Video inside)

15-11-2019 14:06

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន (Bill Clinton) ដែលធ្លាប់ជិតត្រូវបានគេទម្លាក់ ចេញពីតំណែង កំឡុងពេលកំពុងកាន់អំណាច បានផ្ដល់យោបល់ឱ្យលោក ដូណាល់ ត្រាំ ទុកការងារតស៊ូប្រឆាំងនឹង នីតិវិធីដកតំណែងប្រធានាធិបតី ឱ្យក្រុមមន្ត្រីរបស់ខ្លួនជាអ្នកដោះស្រាយ ហើយងាកមកផ្តោតលើការងារដែលត្រូវធ្វើ វិញ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានដំណើរការសវនាការស្ដាប់ជាសាធារណៈ ជាលើកដំបូងកាលពីថ្ងៃពុធ កន្លងទៅ ស្ដីពីនីតិវិធីស៊ើបអង្កេតដើម្បីដកលោក ត្រាំ ចេញពីតំណែងជាប្រធានាធិបតី ដោយចោទថាលោកបានបង្ខំឱ្យអ៊ុយក្រែន បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំង លោក Joe Biden ដែលជា មនុស្សម្នាក់ដែលត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខជនប្រធានាធិបតីអាមេរិកដ៏មានសក្ដានុពលម្នាក់ សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២០ខាងមុខនេះ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ក្នុងសប្ដាហ៍នេះ លោក ប៊ីល គ្លីនតុន បានលើកឡើងដូច្នេះថា៖​ «សាររបស់ខ្ញុំនោះគឺ អ្នក (លោក ត្រាំ) គួរតែផ្ដោតតែទៅលើការងារដែលត្រូវទៅបានហើយ...ដោយទុកឱ្យក្រុមមន្ត្រី ដោះស្រាយការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតីជំនួសចុះ»

គួរបញ្ជាក់ថា លោក ប៊ីល គ្លីនតុន ក៏ធ្លាប់ប្រឈមមុខនឹងដំណើរការនីតិវិធីដកតំណែងប្រធានាធិបតីផងដែរ បន្ទាប់ពី លោកមានរឿងអាស្រូវផ្លូវភេទជាមួយបុគ្គលិកសេតវិមានម្នាក់។ ប៉ុន្តែ លោកមិនត្រូវបានគេដកតំណែងឡើយ ហើយ មកទល់នឹងពេលនេះ ក៏គ្មានប្រធានាធិបតីអាមេរិកណាម្នាក់ ត្រូវគេបញ្ចប់តួនាទីកំឡុងពេលកំពុងកាន់អំណាច នោះដែរ៕