(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងរក្សាកងទ័ពប្រមាណ ៦០០នាក់នៅក្នុងប្រទេសស៊ីរី, នេះបើតាមការបញ្ជាក់ពីលោក ម៉ាក អេស្ព័រ (Mark Esper) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ បើទោះបីជាគោលដៅរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺចង់បញ្ចប់ទាំងស្រុងនូវវត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរីក៏ដោយ។
សារព័ត៌មានចិន CGTN បានចុះផ្សាយឲ្យដឹងនៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះទៀតថា លោក អេស្ព័រ បានបញ្ជាក់ថា ចំនួនកងទ័ពអាចនឹងមានការប្រែប្រួល ជាពិសេសប្រសិនបើសម្ព័ន្ធអឺរ៉ុប ពង្រឹងវត្តមានកងទ័ពរបស់ពួកគេនៅក្នុងប្រទេសស៊ីរីដែរ។
ការប្រកាសរបស់លោក ត្រាំ កាលពីខែមុនបានឲ្យដឹងថា លោកបានចេញបញ្ជាឲ្យ ដកទ័ពអាមេរិកទាំងអស់ដកចេញពីស៊ីរី ដែលប្រការនេះបានធ្វើឲ្យមានការរិះគន់ និងខឹងសម្បារយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស។ ក្រុមអ្នករិះគន់បាននិយាយថា វានឹងអាចធ្វើឲ្យមានការកើតឡើងជាថ្មីនៃក្រុមឧទ្ទាម ISIS ខណៈពេលដែលទុកឲ្យក្រុមសកម្មប្រយុទ្ធឃឺដ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងប្រទេសស៊ីរីងាយទទួលរងការវាយប្រហាររបស់តួកគីថែមទៀត។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកក្រោយមកបានបន្ទន់ចិត្ត ដោយបានប្រកាសវិញថា លោកនឹងទុកឲ្យមានកងទ័ពអាមេរិកមួយចំនួន បន្តវត្តមាននៅក្នុងប្រទេសស៊ីរី ដើម្បីការពារតំបន់រ៉ែប្រេងដ៏មានតម្លៃ ហើយប្រការនេះវាបែរជាធ្វើឲ្យប្រទេសមួយចំនួនដូចជា រុស្ស៊ី អ៊ីរ៉ង់ និងស៊ីរីផ្ទាល់ ចំអកអាមេរិកជាខ្លាំង ដោយចាត់ទុកជាទង្វើប្លន់ប្រេងជាតិស៊ីរី៕