(សេអ៊ូល)៖ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំយោធាកូរ៉េខាងត្បូង មេបញ្ជាការជាន់ខ្ពស់នៃយោធាអាមេរិក លោក ម៉ាក មីលឡេយ (Mark Milley) បានអះអាងថា អាមេរិកនឹងប្រើប្រាស់សមត្ថភាពយ៉ាងពេញលេញបំផុត ដើម្បីការពារប្រទេសកូរ៉េខាងត្បូង ពីការវាយប្រហារនានា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
មន្ត្រីជាន់ខ្ពស់យោធានៃសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នាប្រចាំឆ្នាំនៅទីក្រុងសេអ៊ូលនាថ្ងៃព្រហស្បតិ៍នេះ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដែលនៅតែអាចត្រូវបង្កឡើងដោយកូរ៉េខាងជើងគ្រប់ពេលវេលា។ ប្រទេសកូរ៉េខាងជើងបានគំរាមម្តងហើយម្តងទៀត មិនឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងរៀបចំសមយុទ្ធយោធារួមគ្នានោះឡើយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកស្ថិតក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានព្យាយាមទាមទារថ្លៃការពារ រាប់ពាន់លានដុល្លារពីកូរ៉េខាងត្បូង ហើយបញ្ហានេះកំពុងតែស្ថិតនៅក្នុងកិច្ចចរចាគ្នានៅឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថិតនៅក្នុងកាតព្វកិច្ចរបស់ខ្លួនដដែល ទីបញ្ជាការយោធាអាមេរិកនៅកូរ៉េខាងត្បូង នៅតែសន្យាការពារសន្តិសុខកូរ៉េខាងត្បូង ប្រកបដោយសមត្ថភាពពេញលេញ៕