(ហុងកុង)៖ បាតុករហុងកុងនៅតែបន្តការតវ៉ារបស់ពួកគេ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ខណៈភាពក្តៅគគុកកាន់តែកើនឡើង ក្រោយបាតុករមួយចំនួនបានប្រើប្រាស់ព្រួញភ្លើង បាញ់សំដៅទៅលើកងកម្លាំងប៉ូលិស ដែលព្យាយាមហាមឃាត់ពួកគេមិនឲ្យតវ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅថ្ងៃព្រហស្បតិ៍នេះសាលារៀនទាំងអស់ ត្រូវបានបិទទ្វារតាមការបង្គាប់របស់ការិយាល័យអប់រំ នៃទីក្រុងហុងកុងកាលពីថ្ងៃពុធម្សិលមិញ។ បន្ថែមពីនេះហាងលក់ទំនិញ និងស្ថាប័នឯកជនមួយចំនួន ក៏នៅបន្តបិទទ្វារផងដែរ ខណៈបាតុកម្មបាននិងកំពុងកើតមានឡើង កាន់តែក្តៅគគុក ហើយបាតុករមួយចំនួនក៏ឈានទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈកាន់តែច្រើនផងដែរ។
បើគិតមកដល់ថ្ងៃព្រហស្បតិ៍នេះ បាតុកម្មនៅទីក្រុងហុងកុងគឺមានរយៈពេល ៦ខែគត់ហើយ។ បាតុកម្មនៃក្រុមនិស្សិតដែលស្លៀកឈុតខ្មៅ និងពាក់ម៉ាស់បំពានបំរាមនៅតែបន្ត ព្រមទាំងវិវឌ្ឍន៍កាន់តែក្តៅគគុកជាងមុន ក្រោយពីការស្លាប់របស់និស្សិតជាបាតុករម្នាក់ ដោយសារធ្លាក់ពីលើអគារកាលពីសប្តាហ៍មុន និងប្រើកាំភ្លើងបាញ់បាតុករស្តែងៗ ពីសំណាក់កងកម្លាំងប៉ូលិស។ ប៉ូលិសហុងកុងក៏បានចេញមុខបកស្រាយផងដែរថា ការបាញ់បាតុករនោះគឺជាសិទ្ធិស្វ័យការពារ ព្រោះតែបាតុកររូបនោះ បានស្ទុះមកប៉ុនប៉ងដណ្តើមយកកាំភ្លើងពីដៃប៉ូលិស៕