(អាហ្សង់ទីន)៖ ក្រុមអង្គការសិទ្ធិមនុស្សបានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការក្នុងប្រទេសអាហ្សង់ទីន ប្រឆាំងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាគឺលោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ព្រមទាំងមន្រ្តីកំពូលៗមួយចំនួនទៀតរបស់មីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងអំពើហិង្សាប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាលពីឆ្នាំ២០១៧។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រុមអង្គការការពារសិទ្ធិមនុស្សទាំងនោះ បានដាក់ពាក្យបណ្តឹងនៅអាហ្សង់ទីន ក្រោមគោលការណ៍ដែនសមត្ថកិច្ចសាកល ដែលអាចប្រើប្រាស់នៅក្នុងច្បាប់ នៃបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ក្នុងន័យនេះគឺទង្វើខ្លះ ដូចជាបទឧក្រិដ្ឋសង្រ្គាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិជាដើម ដែលអាក្រក់ព្រៃផ្សៃខ្លាំងពេក គឺមិនអាស្រ័យតែទៅលើប្រទេសណាមួយជាក់លាក់ឡើយ ហើយអាចកាត់សេចក្តីបាននៅគ្រប់ទីកន្លែង។
សម្រាប់ពាក្យបណ្តឹងខាងលើ គឺធ្វើឡើងដើម្បីទាមទារទៅតាមនីតិវិធីច្បាប់អន្តរជាតិ ឲ្យថ្នាក់ដឹកនាំកំពូលៗនៃផ្នែកយោធា និងផ្នែកនយោបាយរបស់មីយ៉ាន់ម៉ា រួមមានទាំងលោកឧត្តមសេនីយ៍ មីន អ៊ុងហ្លេង (Min Aung Hlaing) និងលោកស្រី Suu Kyi ប្រឈមមុខចំពោះផ្លូវច្បាប់ពាក់ព័ន្ធទង្វើគំរាមកំហែង និងយាយី ដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានទទួលរង។
គួរជម្រាបថា តុលាការនៅក្នុងប្រទេសអាហ្សង់ទីនកន្លងមក ធ្លាប់បានទទួលសំណុំរឿងមួយចំនួន នៅក្រោមគោលការណ៍នៃដែនសមត្ថកិច្ចសកល ក្នុងនោះមានករណីទាក់ទិននឹងអតីតមេដឹកនាំផ្តាច់ការអេស៉្បាញលោក ហ្វ្រង់ស៊ីស្កូ ហ្វ្រង់កូ (Francisco Franco) ក៏ដូចជាចលនា ហ្វាលុន កុង (Falun Gong) នៅចិន។ កាលពីដើមសប្តាហ៍នេះ ក៏មានការដាក់ពាក្យបណ្តឹងដាច់ដោយឡែកមួយទៀត ប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងទីក្រុងឡាអេផងដែរ។
ចំណែកឯកាលពីឆ្នាំមុន ក្រុមអ្នកស៊ើបអង្កេតរបស់ UN បានចាត់ទុកសកម្មភាពបង្រ្កាបយ៉ាងហិង្សា របស់យោធាមីយ៉ាន់ម៉ាលើជនជាតិរ៉ូហ៊ីងយ៉ាកាលពីឆ្នាំ២០១៧ ប្រៀបដូចជាទង្វើប្រល័យពូជសាសន៍ បន្ទាប់ពីជនជាតិភាគតិចនេះប្រមាណ ៧៤០,០០០នាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួនទៅកាន់បង់ក្លាដែស។ ប៉ុន្តែលើកនេះក្រុមអង្កការសិទ្ធិមនុស្ស ដែលបានដាក់ពាក្យបណ្តឹងនៅអាហ្សង់ទីន គឺចង់ឲ្យលោកស្រី Suu Kyi ត្រូវតែស្ថិតក្រោមការស៊ើបអង្កេតដែរ៕