(ហ្គាហ្សា)៖ ការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់-ប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ ហ្គាហ្សាស្ទ្រីព (Gaza Strip) តាំងតែពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្តាច់ជីវិតមនុស្សកើនដល់ ២៣នាក់ហើយ និងប្រមាណជាង ៧០នាក់ទៀតរងរបួសតែខាងភាគីហ្គាហ្សាមួយប៉ុណ្ណោះ គិតត្រឹមយប់ថ្ងៃពុធ ដែលជាថ្ងៃទី២នៃជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រសួងសុខាភិបាលហ្គាហ្សាបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកសារព័ត៌មាននានាថា ការផ្លោងគ្រាប់ជាបន្តបន្ទាប់ដោយអ៊ីស្រាអែលមកលើទីក្រុងមួយនេះ បានបណ្តាលឲ្យមនុស្សក្មេងចាស់ប្រុសស្រី បាត់បង់ជីវិតជាបន្តបន្ទាប់ គិតចាប់តាំងពីថ្ងៃអង្គារមកម្ល៉េះ។ ដោយឡែកមនុស្សរងរបួសធ្ងន់ និងស្រាលជាង ៧០នាក់កំពុងតែទទួលការសង្គ្រោះបន្ទាន់ ខណៈស្ថានការណ៍គឺមិនទាន់មានភាពស្ងប់ស្ងាត់ឡើយ គិតត្រឹមយប់ថ្ងៃពុធ។
គួរបញ្ជាក់ថា ជម្លោះរវាងក្រុមហាម៉ាស់-ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងប្រទេសអ៊ីស្រាអែល បានអូសបន្លាយបីថ្ងៃមកហើយ បន្ទាប់ពីប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែលបានផ្តាច់ជីវិត មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុម Hamas ឈ្មោះ បាហា អាប៊ូ អាល់អាតថា (Baha Abu Al-Atta) នៅតំបន់ Gaza Strip។ ប្រការនេះបានបណ្តាលឲ្យមានការវាយប្រហារសងសឹក ដោយគ្រាប់រ៉ុក្កែតពីសំណាក់ក្រុម Hamas៕