(តូក្យូ)៖ ទីបំផុតយានអវកាសជប៉ុន Hayabusa-2 បានចាប់ផ្តើមចាកចេញពីអាចម៍ផ្កាយ Ryugu ហើយ ដើម្បីនាំយកគំរូតាងដែលវាប្រមូលបានពីអាចម៍ផ្កាយនោះ យកត្រឡប់កាន់ផែនដីយើងវិញ ដោយវាត្រូវគេរំពឹងថានឹងមកដល់នៅចុងឆ្នាំក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅយប់ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារអវកាសជប៉ុន JAXA នាថ្ងៃពុធនេះ យាន Hayabusa-2 បានចាកចេញពីអាចម៍ផ្កាយ Ryugu កាលពីវេលាម៉ោង១០៖០៥នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់នៅប្រទេសជប៉ុន) ដើម្បីត្រៀមចាប់ផ្តើមការវិលត្រឡប់មកភពយើងវិញ។ សម្រាប់ការធ្វើដំណើរនឹងមានចម្ងាយដល់ទៅ៨០០លានគីឡូម៉ែត្រ ខណៈបើគិតពីចម្ងាយត្រង់តែម្តងរវាងផែនដីនិងអាចម៍ផ្កាយ Ryugu គឺត្រឹមតែ៣០០លានគីឡូម៉ែត្រប៉ុណ្ណោះ។ នៅពេលមកដល់ក្បែរផែនដី យានអវកាស Hayabusa-2 នឹងទម្លាក់វត្ថុមួយដែលផ្ទុកគំរូតាងរបស់អាចម៍ផ្កាយ Ryugu ចុះទៅកាន់តំបន់វាលខ្សាច់នៅឯភាគខាងត្បូងប្រទេសអូស្រ្តាលី។
គួរជម្រាបថា យានអវកាស Hayabusa-2 ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគនិរតីជប៉ុន កាលពីខែធ្នូ ឆ្នាំ២០១៤ និងបានទៅដល់អាចម៍ផ្កាយ Ryugu កាលពីខែមិថុនា ឆ្នាំ២០១៨។ អំឡុងរយៈពេលសិក្សាជាងមួយឆ្នាំមកនេះ វាបានចុះទៅប៉ះអាចម៍ផ្កាយ Ryugu ចំនួនពីរលើក ដើម្បីប្រមូលយកដុំថ្មពីទីនោះ៕