(ហ្សាការតា)៖ អ្នកនាំពាក្យទីបញ្ជាការប៉ូលិសជាតិរបស់ឥណ្ឌូណេស៊ី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធនេះថា ករណីផ្ទុះនៅមុខទីបញ្ជាការប៉ូលិសក្នុងទីក្រុង មេដាន (Medan) ក្នុងខេត្តស៊ូម៉ាត្រាខាងជើង (North Sumatra) គឺជាការបំផ្ទុះគ្រាប់បែកអត្តឃាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកពាក្យស្ថាប័នប៉ូលិសបានឲ្យដឹងទៀតថា ជនបំផ្ទុះអត្តឃាតបានស្លាប់នៅហ្នឹងកន្លែងហេតុ ស្ថិតនៅចំពីមុខទីស្នាក់ការកណ្តាលប៉ូលិសទីក្រុង Medan ខណៈមន្ត្រីប៉ូលិសមួយចំនួនទៀត ក៏បានទទួលរងរបួសផងដែរ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក ដែលបានកើតមានឡើង កាលពីវេលាម៉ោង ៨៖៤០នាទីព្រឹកថ្ងៃពុធនេះ។
អ្នកស្ថិតនៅក្បែរកន្លែងកើតហេតុ បានប្រាប់បណ្តាញសារព័ត៌មានឥណ្ឌូណេស៊ីនានា ដែលចោមរោមនៅជុំវិញទីតាំងនោះថា ពួកគេបានលឺសំឡេងផ្ទុះយ៉ាងកក្រើក ហើយភ្លាមៗកងកម្លាំងប៉ូលិសបានសំដៅទៅកាន់កន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងរក្សាសន្តិសុខ-សណ្តាប់ធ្នាប់។ ប៉ូលិសឥណ្ឌូណេស៊ីមិនទាន់អាចកំណត់អត្តសញ្ញាណ នៃក្រុមដែលស្ថិតនៅពីក្រោយករណីនេះឡើយ ដោយការស៊ើបអង្កេតកំពុងបន្តប្រព្រឹត្តទៅហើយ៕