(ប៉ាឡេស្ទីន)៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក ម៉ូហាំម៉េដ សាតាយយ៉េហ៍ (Mohammad Shtayyeh) បានទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើតំបន់ ហ្គាហ្សាស្ទ្រីព (Gaza Strip) តទៅទៀត ហើយលោកក៏បានអំពាវនាវដល់ អង្គការសហប្រជាជាតិឲ្យជួយផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Shtayyeh បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «អ៊ីស្រាអែលត្រូវតែបញ្ឈប់សកម្មភាពវាយប្រហារ ប្រឆាំងមកលើជនជាតិយើងជាបន្ទាន់នៅតំបន់ Gaza។ យើងសូមទទូចឲ្យអង្គការសហប្រជាជាតិ ផ្តល់ការការពារអន្តរជាតិសម្រាប់ប្រជាពលរដ្ឋប៉ាឡេស្ទីន ដែលបានបន្តទទួលរងការរំលោភបំពាន ពីសំណាក់អ៊ីស្រាអែលទាំងនៅតំបន់ Gaza Strip និងទាំងនៅបន់ វែសត៍ប៊ែង (West Bank)»។ ដោយឡែក ស្របពេលជាមួយគ្នាយោធាអ៊ីស្រាអែលបានប្រកាសថា នឹងបន្តការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធនៅតំបន់ Gaza Strip ដែលកំពុងគ្រប់គ្រងដោយពួកហាម៉ាស់។
គួរជម្រាបថា ការប្រឈមមុខគ្នាថ្មីនេះរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន-ហាម៉ាស់ Hamas បានផ្ទុះឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានផ្តាច់ជីវិតមេបញ្ជាការជាន់ខ្ពស់ម្នាក់ របស់ក្រុម Hamas ឈ្មោះ បាហា អាប៊ូ អាល់អាតថា (Baha Abu Al-Atta) នៅតំបន់ Gaza Strip។ ប្រការនេះបានបណ្តាលឲ្យមានការវាយប្រហារសងសឹក ដោយគ្រាប់រ៉ុក្កែតពីសំណាក់ក្រុម Hamas៕