(បរទេស)៖ នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា (ពេលវេលានៅអាមេរិក) ព្រឹត្តិការណ៍កម្រមួយបានកើតឡើងនៅលើផ្ទៃមេឃ នោះគឺភពពុធ (Mercury) បានគោចរសន្សឹមៗឆ្លងកាត់ពីខាងមុខផ្ទៃព្រះអាទិត្យ ហើយមនុស្សជាច្រើននាក់បានតាមដាន និងផ្តិតយករូបភាពដ៏មហាកម្រនេះ ដែលមិនអាចកើតមានឡើងទៀតឡើយ រហូតដល់ឆ្នាំ២០៣២។ នេះបើតាមការចេញផ្សាយដោយ Space នារសៀលថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
វាបានជាព្រឹត្តិការណ៍លើកទី ៤ហើយ ក្នុងចំណោមព្រឹត្តការណ៍សរុបទាំង ១៤លើក ដែលមនុស្សនៅលើផែនដីបានមើលឃើញភពពុធ ឆ្លងកាត់ពីមុខព្រះអាទិត្យក្នុងអំឡុងសតវត្សរ៍ទី ២១ នេះ។ ក្រៅពីភពពុធ ភពសុក្រ (Venus) ក៏ធ្លាប់មានព្រឹត្តិការណ៍បែបនេះដែរ។ លើកចុងក្រោយគេដែលយើងបានមើលឃើញភពពុធធ្វើដំណើរឆ្លងកាត់ពីខាង មុខព្រះអាទិត្យ គឺកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែព្រឹត្តិការណ៍នៅក្នុងឆ្នាំ២០១៩នេះ គឺក្រុមតារាវិទូ និងអ្នកនិយមអង្កេតបាតុភូតអាកាស បានទន្ទឹងរង់ចាំអស់ច្រើនខែមកហើយ។
នៅពេលព្រឹត្តិការណ៍ខាងលើនេះកើតឡើង ភពពុធបានបង្ហាញខ្លួនក្នុងទម្រង់ជាចំណុចខ្មៅដ៏តូចឆ្មាមួយ ដែលស្មើនឹង ០.៥ ភាគរយនៃអង្កត់ផ្ចិតរបស់ព្រះអាទិត្យប៉ុណ្ណោះ ហើយក្រុមអ្នកអង្កេតផ្ទៃមេឃបានប្រើប្រាស់កែវយឺត ដែលមានកម្លាំងពង្រីកយ៉ាងហោចណាស់ 50x ទើបអាចផ្តិចយករូបភាព ឬមើលឃើញវាច្បាស់ ប្រកបដោយការអត់ធ្មត់បំផុត ព្រោះពួកគេត្រូវថតបញ្ច្រាសពន្លឺព្រះអាទិត្យដ៏ក្តៅ។
គួរជម្រាបថា នៅថ្ងៃចន្ទសប្តាហ៍នេះ ភពពុធបានចំណាយពេលជិត ៥ម៉ោងកន្លះ ដើម្បីគោចរពីគែមម្ខាងទៅគែមម្ខាងទៀតនៃព្រះអាទិត្យ ខណៈព្រឹត្តិការណ៍នេះប្រជាជននៅតំបន់ ទ្វីបអាមេរិក អឺរ៉ុប អាហ្រ្វិក អាស៊ីខាងលិច និងនូវែលសេឡង់អាចមើលឃើញ នៅពេលអាកាសធាតុល្អប្រសើរ (មេឃស្រឡះ) ប៉ុន្តែប្រទេសអូស្រ្តាលី និងអាស៊ីខាងកើត ដែលរួមមានទាំងកម្ពុជាយើងដែរនោះ គឺមិនអាចមើលឃើញឡើយ៕