(គែរ)៖ ការរកឃើញដែលទំនងជានឹងបង្កភាពភ្ញាក់ផ្អើល បាននិងកំពុងធ្វើឲ្យគ្រប់គ្នាអន្ទះសារ ចង់ដឹងអំពីការពិត ខណៈក្រុមបុរាណវិទ្យា និងអ្នកស្រាវជ្រាវរបស់ប្រទេសអេហ្ស៊ីប នឹងបង្ហាញវាជាផ្លូវការនៅពេលបើកសម្ពោធសារមន្ទីរធំ (GEM) នៅឆ្នាំ២០២០ខាងមុខនេះ។ វាទំនងជាសត្វឆ្មាធំមួយប្រភេទ ដែលស្រដៀងនឹងតោផងដែរ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាយប់ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
បណ្ឌិត Khaled El-Enany រដ្ឋមន្ត្រីវត្ថុបុរាណរបស់អេហ្ស៊ីបធ្លាប់បានប្រកាសថា «ក្រុមជំនាញអេហ្ស៊ីបនឹងធ្វើការប្រកាសអំពីលទ្ធផល នៃការវិភាគទៅសត្វនោះនៅអំឡុងខែ វិច្ឆិកានេះតែម្តង ក្រោយពីការប្រើប្រាស់មីស៊ីន CT ស្គែន និងការពិនិត្យ DNA ទៅរូបរាង (អាចជាហ្វូស៊ីល) របស់សត្វនោះ...។ វាដូចជាសត្វឆ្មាដ៏ធំមួយក្បាល ដូច្នេះយើងកំពុងតែកំណត់ធាតុពិតរបស់វា...។ វាក៏អាចជាតោ ឬក៏សត្វស្រដៀងតោ ប៉ុន្តែឥឡូវនេះយើងនៅតែកំពុងសិក្សាបន្តទៀត ហើយនឹងប្រកាសលទ្ធផលនៅប៉ុន្មានសប្តាហ៍ទៀត...»។
បណ្ឌិត El-Enany បានបដិសេធក្នុងការផ្តល់ចម្លើយបន្ថែម ចំពោះសត្វចម្លែកដែលត្រូវបានរកឃើញ ហើយលោកត្រឹមតែអាចប្រាប់បានថា ក្រុមបុរាណវិទូនៅតែកំពុងស្រាវជ្រាវបន្ថែម ដើម្បីបំបែកអាថ៌កំបាំងនោះ។ វាក៏អាចត្រូវគេយកទៅតាំងបង្ហាញនៅក្នុងសារមន្ទីរ GEM នៅឆ្នាំ២០២០ ដែលនឹងក្លាយជាសារមន្ទីរជាតិធំបំផុតលើលោក ពោពេញទៅដោយការពន្យល់អំពីសាកសពម៉ាមី (Mummies) និងអាថ៌កំបាំងធំៗផ្សេងទៀតសរុបជាង ១០០,០០០មុខ របស់អាណាចក្រអេហ្ស៊ីបបុរាណដ៏គួរឲ្យរំភើប។
គួរបញ្ជាក់ថា ជនជាតិអេហ្ស៊ីបបុរាណត្រូវបានគេដឹងថា មានការគោរពបូជាចំពោះសត្វឆ្មាខ្លាំងណាស់ ហើយអ្នកដែលបានបង្ករបួស ឬក៏សម្លាប់សត្វនេះ នឹងត្រូវទទួលទោសផងដែរ។ កាលពី ៣,០០០ឆ្នាំមុនគ្រិស្តសករាជ ជនជាតិអេហ្ស៊ីបបានលើកតម្កើងសត្វឆ្មាជាអទិទេព ដោយបានបង្កើតរូបសំណាកមួយប្រភេទ មានក្បាលជាសត្វឆ្មា ឬចចក និងខ្លួនជាមនុស្សស្រី ហើយត្រូវបានតាំងនាមថា Bastet៕