(បូលីវី)៖ លោក អ៊ីវ៉ូ ម៉ូរ៉ាឡែស (Evo Morales) ដែលទើបជាប់ឆ្នោតមួយអាណត្តិទៀតកាលពីពេលថ្មីៗនេះ ទើបតែបានប្រកាសនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ថាលោកព្រមលាលែងចេញពីតំណែងហើយ នៅចំពោះមុខសម្ពាធកាន់តែខ្លាំងឡើងៗពីក្រុមបាតុករ និងជាពិសេសគឺយោធានៃប្រទេសអាមេរិកឡាទីនមួយនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន DW នាល្ងាចថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លិខិតលាលែងរបស់លោក Morales ត្រូវបានបញ្ជូនទៅកាន់សភាជាតិហើយ នៅថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិកឡាទីន) ដោយលោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានសម្រេចចិត្តចុះចេញពីតំណែងនេះ បន្ទាប់ពីស្ថាប័នកំពូលៗដូចជា យោធា, ប៉ូលិស និងក្រុមបក្សប្រឆាំងផងដែរ បានរួមគ្នាអំពាវនាវឲ្យលោកត្រូវតែចុះចេញ។
បើតាមសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍បូលីវី លោក Morales បានអានសេចក្តីថ្លែងការណ៍ ដោយមានអគ្គមេបញ្ជាការយោធាលោក វីលៀម ខាលីម៉ាន់ (Willianms Kaliman) និងមេបញ្ជាការប៉ូលិសជាតិលោក វ្ល៉ាឌីមៀ ខាលដឺរ៉ុន ម៉ារីស្កាល់ (Vladimir Calderon Mariscal) ឈរអមទាំងសងខាងតែម្តង។
គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះ លោក Morales បានយល់ព្រមចុះចេញពីតំណែងដើម្បី «ស្តារសន្តិសុខសង្គមឡើងវិញ» ដែលជាការចង់បានខ្លាំងបំផុតពីសំណាក់គ្រប់គ្នា ហើយលោកក៏សូមអំពាវនាវឲ្យឈប់វាយប្រហារគ្នាឯង, ការដុតបំផ្លាញ និងការបះទង្គិចគ្នាទាំងអស់។ ក្រៅពីលោក Morales អនុប្រធានាធិបតីបូលីវីលោក អាល់វ៉ារ៉ូ ហ្គាសៀ លីណែរ៉ា (Alvaro Garcia Liner) ក៏បានប្រកាសលាលែងចេញពីតំណែងដូចគ្នាដែរ៕