(ប៉េកាំង)៖ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិននឹងអាចធូរស្រាលឡើងវិញបន្តិច នៅក្នុងពេលឆាប់ៗខាងមុខនេះ បើសិនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ ត្រូវបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ទៅតាមការគ្រោងទុក។ ដោយហេតុនេះហើយ ទើបអតីតមន្ត្រីចិនមួយរូបបានលើកឡើងថា ការសម្រេចបាននេះអាចឲ្យទីក្រុងប៉េកាំង សម្លឹងឃើញទំនាក់ទំនងដែលនឹងកាន់ប្រសើរឡើង ប្រសិនបើលោក ដូណាល់ ត្រាំ អាចជាប់ឆ្នោតមួយអាណត្តិទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក អាណត្តិថ្មីនៅឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ឡុង យ៉ុងទូ (Long Yongtu) អតីតអនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន និងជាអ្នកចរចាមួយរូប នៅក្នុងកិច្ចតស៊ូរយៈពេល ១៥ឆ្នាំរបស់ប្រទេសចិនដើម្បីក្លាយជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយក្នុងកិច្ចប្រជុំមួយរវាងក្រុមវិនិយោគិនថា ប្រទេសចិនប្រាកដជាស្វាគមន៍ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតធ្វើប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត។ លោក Long បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «លោក ត្រាំ តែងនិយាយអំពីផលប្រយោជន៍ជាក់ស្តែង មិនមែននយោបាយនោះឡើយ។ ដូច្នេះហើយដៃគូប្រជែងបែបនេះ គឺប្រសើរខ្លាំងសម្រាប់ចិន នៅក្នុងការបន្តកិច្ចចរចាគ្នា...»។
អតីតមន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំងខាងលើនេះ ក៏បានបញ្ជាក់ផងដែរថា មនុស្សដូចលោក ដូណាល់ ត្រាំ គឺងាយនឹងឲ្យគេស្វែងយល់ មិនដូចជាប្រធានាធិបតីអាមេរិកមុនៗឡើយ។ បន្ថែមពីនេះទៅទៀត ប្រធានាធិបតីអាមេរិករូបនេះក៏មិនដែលប៉ុនប៉ង ដើម្បីបង្កការប៉ះទង្គិចគ្នាធ្ងន់ធ្ងរជាមួយចិន ទៅលើបញ្ហាទីក្រុងហុងកុង និងកោះតៃវ៉ាន់ ដែលជាបញ្ហាស្នូលរបស់ទីក្រុងប៉េកាំងនោះដែរ។
លោក Long ក៏មិនភ្លេចក្នុងការលើកឡើងដែរថា «លោក ត្រាំ បានធ្វើឲ្យការសម្រេចចិត្តរបស់ សហរដ្ឋអាមេរិកមានប្រសិទ្ធភាព និងតម្លាភាព ពីព្រោះលោកតែងតែនិយាយអ្វីមួយដោយត្រង់ និងមានមូលដ្ឋាន... ដូច្នេះយើង (ចិន) មិនចាំបាច់ចំណាយពេលវេលាយូរ ដើម្បីស្វែងយល់ថា ប្រជាជនអាមេរិកត្រូវបានអ្វីខ្លះទៀត ឬមួយក៏ត្រូវទៅស្ទាបស្ទង់អំពីអារម្មណ៍ពិតនៅក្នុងទីងងឹត ដូចដែលយើងធ្លាប់ធ្វើពីមុនមកនោះឡើយ...»។
គួរបញ្ជាក់ថា បើតាមការលើកឡើងរបស់លោក Long ប្រទេសចិនទំនងជាត្រូវរង់ចាំមើលលទ្ធផល ក្រោយកិច្ចចរចាពាណិជ្ជកម្មតំណាក់កាលទី ១ ត្រូវចុះហត្ថលេខាជាមុនសិន ដែលអាចនឹងកើតឡើងនៅអំឡុងពាក់កណ្តាលខែវិច្ឆិកានេះ រវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង។ ក្រោយពីការចុះហត្ថលេខាសម្រេចរួចរាល់ ការដោះស្រាយបញ្ហាជាបន្តបន្ទាប់នឹងត្រូវធ្វើឡើង ព្រោះមហាអំណាចទាំងពីរសុទ្ធតែបានដឹងហើយថា សង្គ្រាមពាណិជ្ជកម្ម គឺនាំឲ្យខាតបង់ទាំងសងខាង៕