(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃសុក្រសប្តាហ៍នេះបានឲ្យដឹងថា លោកកំពុងពិចារណាលើការអញ្ជើញឲ្យទៅចូលរួម «ព្យុហយាត្រាយោធានៃទិវាជ័យជម្នះ» របស់ប្រទេសរុស្ស៊ីនៅខែឧសភា ឆ្នាំ២០២០ ប៉ុន្តែលោកពុំទាន់ប្រាកដថា នឹងអាចចូលរួមកើត ឬមួយក៏អត់នៅឡើយទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅពេលត្រូវក្រុមអ្នកសារព័ត៌មានសួរ តើលោកអាចនឹងទៅចូលរួម តាមការអញ្ជើញរបស់រុស្ស៊ីដែរ ឬយ៉ាងណា? លោក ត្រាំ បានឆ្លើយតបវិញថា «វាចំរដូវកាលយុទ្ធនាការឃោសនាបោះឆ្នោត យ៉ាងសកម្មពេញទំហឹងតែម្តង តែខ្ញុំច្បាស់ជានឹងពិចារណាអំពីវា ខ្ញុំនឹងមើលថាតើខ្ញុំអាចឆ្លៀតពេលទៅបាន ឬក៏អត់ ប៉ុន្តែខ្ញុំពិតជាចង់ទៅចូលរួមប្រសិនបើអាចធ្វើបាន»។
បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់ថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កាលពីខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញលោក ត្រាំ ឲ្យទៅចូលរួមព្រឹត្តិការណ៍អបអរទិវាជ័យជម្នះរបស់រុស្ស៊ី ដែលនឹងព្រឹត្តទៅនៅក្នុងខែឧសភា ឆ្នាំ២០២០។
ជុំវិញរឿងនេះលោក យូរី យូសាកូវ (Yuri Ushakov) មន្រ្តីនៃវិមានក្រឹមឡាំងឲ្យដឹងថា ប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសចំនួន ១៧ បានទទួលយល់ព្រមចំពោះការអញ្ជើញឲ្យទៅ ចូលរួមព្រឹត្តិការណ៍ខាងលើ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថា ប្រទេសណាខ្លះឡើយ។ ដោយឡែកក្រៅពីលោក ដូណាល់ ត្រាំ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson), អធិការបតីអាល្លឺម៉ង់លោកស្រី អេនជែឡា មើគែល (Angela Merkel), ប្រធានាធិបតីចិនលោក ស៊ី ជិនពីង, និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ។
គួរជម្រាបថា ប្រទេសរុស្ស៊ីតែងអបអរទិវាជ័យជម្នះ (Victory Day) នៅថ្ងៃទី០៩ ខែឧសភា រាល់ឆ្នាំ។ ព្រឹត្តិការណ៍ឆ្នាំ២០២០ គឺជាខួបឆ្នាំទី ៧៥ ហើយនៃថ្ងៃដែលកងទ័ពរុស្ស៊ី និងសម្ព័ន្ធមិត្ត បានយកជម្នះកងទ័ព ណាហ្ស៊ី (Nazi) អាល្លឺម៉ង់របស់ ហ៊ីលធ្លែរ (Hilter) កាលពីឆ្នាំ១៩៤៥ សម័យសង្រ្គាមលោកលើកទីពីរ។ អតីតប្រធានាធិបតីអាមេរិកលោក បៀល គ្លីនតិន (Bill Clinton) និងលោក ចច ដាប៊ែលយូ ប៊ូស (George W. Bush) សុទ្ធតែធ្លាប់បានទៅចូលរួមពិធីព្យុហយាត្រានេះ កាលពីឆ្នាំ១៩៩៥ និងឆ្នាំ២០០៥ ខណៈលោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបដិសេធចំពោះការអញ្ជើញពីរុស្ស៊ីកាលពីឆ្នាំ២០១៥ ដោយសារបញ្ហាតំបន់គ្រមៀ៕