(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រនេះបានអំពាវនាវទៅកាន់ប្រទេសវៀតណាម កុំឲ្យបង្កបញ្ហាកាន់តែស្មុគស្មាញបន្ថែមទៀត ទៅលើតំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់វៀតណាមមួយរូបបានអះអាងថា ខ្លួននឹងធ្វើការសិក្សាលើមធ្យោបាយស្របច្បាប់នានា ក្នុងចំណោមវិធីសាស្ត្រផ្សេងៗដែលអាចទៅរួច ដើម្បីតតាំងក្នុងជម្លោះដែនអធិបតេយ្យជាមួយចិន នៅតំបន់សមុទ្រចិនខាងត្បូងនោះ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ភាពតានតឹងបានកើនឡើងរវាងប្រទេសជិតខាងទាំងពីរនេះ ក្រោយចិនបានបញ្ជូននាវាមួយគ្រឿងកាលពីខែកក្កដា ទៅធ្វើការស្ទាបស្ទង់ភូមិសាស្ត្រ នៅក្នុងដែនសមុទ្រចិនខាងត្បូងរយៈពេលមួយខែ នៅចំទីតាំងដែលប្រទេសវៀតណាមចាត់ទុកថា ជាដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ) ស្របទៅតាមច្បាប់អន្តរជាតិ ប៉ុន្តែប្រទេសចិនក៏បានអះអាងកម្មសិទ្ធិដូចគ្នាផងដែរ។
កាលពីថ្ងៃពុធអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក ឡេ ហយទ្រុង (Le Hoai Trung) បានថ្លែងក្នុងសន្នីសីទសារព័ត៌មានមួយ នារដ្ឋធានីហាណូយយ៉ាងដូច្នេះថា «វៀតណាមចង់បានការចរចាគ្នា ប៉ុន្តែគ្មានជម្រើសអ្វីផ្សេងទៀតឡើយចំពោះជម្លោះដែនទឹក ក្នុងនោះរួមមានទាំង អាជ្ញាកណ្តាលដើម្បីដោះស្រាយវិវាទជាដើម...។ វៀតណាមនឹងធ្វើការសិក្សាលើមធ្យោបាយស្របច្បាប់នានា ក្នុងចំណោមវិធីសាស្ត្រផ្សេងៗទៀត ដើម្បីតតាំងក្នុងជម្លោះអធិបតេយ្យភាពជាមួយចិន នៅតំបន់សមុទ្រចិនខាងត្បូង»។
គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការលើកឡើងរបស់វៀតណាមខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គែង ហ្ស័ង (Geng Shuang) នៅថ្ងៃសុក្រនេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទវៀតណាម និងប្រទេសមួយចំនួនទៀតថា ជាដើមហេតុនៃការបង្កបញ្ហានៅសមុទ្រចិនខាងត្បូង។
លោក Geng Shuang បានលើកឡើងយ៉ាងដូច្នេះថា «ប្រទេសវៀតណាមគួរតែទទួលស្គាល់នូវតថភាព នៃប្រវត្តិសាស្ត្រ និងគោរពតាមមតិឯកភាពកម្រិតខ្ពស់ ដែលប្រទេសទាំងពីរបានប្រកាន់ខ្ជាប់ នោះគឺការដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ ហើយចៀសវាងការចាត់វិធានការ ដែលអាចធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ និងរំខានដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ព្រមទាំងទំនាក់ទំនងទ្វេភាគី»៕