(ហ្វាំងឡង់)៖ ទឹកកកមានរូបរាងដូចស៊ុតរាប់ពាន់ដុំ បានគ្របដណ្តប់នៅតំបន់មួយរបស់ ប្រទេសហ្វាំងឡង់ ដែលវាពិតជាបាតុភូតកម្រមួយនៃធម្មជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបភាពដ៏កម្រខាងលើនេះ ត្រូវបានផ្តិតយកដោយអ្នកជំនាញថតរូបម្នាក់ឈ្មោះ រីស្តូ ម៉ាតធីឡា (Risto Mattila) នៅពេលដែលលោកធ្វើដំណើរឆ្លងកាត់កោះ ហៃលួតូ (Hailuoto) ស្ថិតនៅឈូងសមុទ្របូស្នៀ (Bothnia) ចន្លោះប្រទេសហ្វាំងឡង់ និងស៊ុយអែដ។ តំបន់នេះគឺជាតំបន់ដែលកំពុងចាប់ផ្តើមចុះត្រជាក់ខ្លាំង ពេលឈានចូលដល់រដូវរងារ ហើយសីតុណ្ហភាពពេលកើតមានបាតុភូតនោះគឺ ដក ១ អង្សាសេឯណោះ។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រក៏ធ្លាប់បានពន្យល់រួចមកហើយដែរ អំពីបាតុភូតអាកាសដ៏កម្របែបនេះ ដោយទឹកកកបានកកើតចេញជាដុំៗ ដោយសារតែត្រូវខ្យល់ត្រជាក់បក់បោកផ្តុំគ្នាបន្តិចម្តងៗ។ យ៉ាងណាក៏ដោយអ្នកថតរូប Mattila និងភរិយារបស់លោកបានប្រាប់ BBC ថាពួកគេមិនដែលបានជួបប្រទះឡើយ នូវបាតុភូតចម្លែកបែបនេះ ព្រោះវាប្រៀបដីដូចជាទីវាលមួយ ដែលគ្របដណ្តប់ដោយស៊ុតនៅជាប់មាត់ទឹក៕