(ប៉េកាំង)៖ តុលាការនៅភាគខាងត្បូងប្រទេសចិននាថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអតីតអ្នកនយោបាយជប៉ុនម្នាក់ អស់ មួយជីវិត សម្រាប់ការប៉ុនប៉ងលួចយកគ្រឿងញៀនចេញពីប្រទេសចិន កាលពីឆ្នាំ២០១៣។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាថ្ងៃសុក្រនេះ តុលាការចិននៅខេត្ត Guangzhou បានសម្រេចថា លោក Sakuragi Takuma អតីតអ្នកនយោបាយនៅខេត្ត Aichi ប្រទេស ជប៉ុន ដែលបានព្យាយាមលួចរត់ពន្ធគ្រឿងញៀនប្រភេទមេតាំហ្វេតាមីនទម្ងន់៣.២៨៩គីឡូក្រាមចេញពីចិន ទៅកាន់ប្រទេសជប៉ុន កាលពី ០៦ឆ្នាំមុន ត្រូវជាប់ពន្ធនាគារអស់មួយជីវិតតែម្តង។ លោក Sakuragi ដែលបច្ចុប្បន្នមានអាយុ៧៦ឆ្នាំ ត្រូវអាជ្ញាធរចិនចាប់ឃាត់ខ្លួនបាន កំឡុងការពិនិត្យឆែកឆេរលើ កាបូប អ្នកដំណើរនៅឯអាកាសយានដ្ឋាន Baiyun ក្នុងខេត្ត Guangzhou នាគ្រានោះ។

គួរជម្រាបថា កាលពីឆ្នាំ២០១៤ ក្រុមរដ្ឋអាជ្ញាចិនក្នុងសំណុំរឿងនេះ បានព្យាយាមស្នើឲ្យតុលាការចិនដាក់ទោសប្រហារជីវិតទៅលើលោក Sakuragi Takuma រួមជាមួយទោសជាប់ពន្ធនាគារមួយជីវិត ឬក៏ជាប់ត្រឹម១៥ឆ្នាំយ៉ាងតិច៕