(សេអ៊ូល)៖ លទ្ធផលនៃការស្ទង់មតិថ្មីមួយបង្ហាញថា ក្នុងករណីដែលសង្រ្គាមផ្ទុះឡើងរវាងប្រទេសជប៉ុននិងប្រទេសកូរ៉េខាងជើង ប្រជាជន កូរ៉េខាងត្បូងភាគច្រើន នឹងឈរនៅខាងកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅរសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមការស្ទង់មតិខាងលើដែលមានចំណងជើងថា «ស្ថានការណ៍នៅអាស៊ីភាគឦសាន និងទស្សនៈប្រជាជនកូរ៉េខាងត្បូង» ៤៥.៥ ភាគ រយនៃអ្នកដែលបានចូលរួមការស្ទង់មតិ នឹងផ្តល់ការគាំទ្រចំពោះកូរ៉េខាងជើង ហើយមានតែ១៥.១ភាគរយប៉ុណ្ណោះ ដែលនឹងនៅខាងជប៉ុន ខណៈ៣៩.៤ភាគរយទៀត គឺមិនប្រាកដក្នុងចិត្តថា គួរគាំទ្រខាងណាឡើយ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងកាលពីចន្លោះឆ្នាំ២០១៨ និង ខែតុលា ឆ្នាំ២០១៩នេះ រីឯលទ្ធផលទើបតែត្រូវបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះ កំឡុងវេទិកាសន្តិភាពលើកទី១១ របស់វិទ្យា ស្ថានកូរ៉េដើម្បីបង្រួបបង្រួមជាតិនៅកូរ៉េខាងត្បូង។

គួរជម្រាបថា អ្នកស្រាវជ្រាវលោក Lee Sang Sin ដែលជាអ្នកដឹកនាំការស្ទង់មតិ លទ្ធផលចេញមកនេះគឺមិនមែនជារឿងអ្វីគួរឲ្យភ្ញាក់ផ្អើល ខ្លាំងនោះឡើយ បើយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តនៅក្នុងតំបន់កាលពីអតីតកាល ដោយឧបទ្វីបកូរ៉េបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ ជប៉ុនអស់រាប់ទសវត្សរ៍។ លោក Lee ក៏បានគូសបញ្ជាក់ដែរថា ពាក់ព័ន្ធបញ្ហាជម្លោះនៃកោះ Dokdo ដែលជប៉ុនហៅថា Takeshima រវាង ទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូវិញ ទីក្រុងព្យុងយ៉ាងក៏បានបង្ហាញការគាំទ្រចំពោះកូរ៉េខាងត្បូងផងដែរ៕