Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និស្សិតហុងកុងដែលធ្លាក់ពីលើអគារពេលធ្វើបាតុកម្ម បានបាត់បង់ជីវិតហើយនៅក្នុងមន្ទីរពេទ្យ

08-11-2019 12:42

(ហុងកុង)៖ និស្សិតហុងកុងម្នាក់ដែលបានធ្លាក់ពីលើអគារ កំឡុងការធ្វើបាតុកម្មកាលពីចុងសប្តាហ៍កន្លងទៅ បានបាត់បង់ជីវិតហើយនាព្រឹកថ្ងៃសុក្រនេះ ខណៈវាគឺជាលើកដំបូងហើយដែលមាននិស្សិតស្លាប់បែបនេះ គិតចាប់តាំងតែពីចលនាតវ៉ាដ៏កក្រើកនៅហុងកុង បានចាប់ផ្តើមឡើងកាលពីខែមិថុនា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

យុវជនឈ្មោះ អាឡិច ចូ ឡូក (Alex Chow Tsz-lok) មានអាយុ ២២ឆ្នាំ ដែលជានិស្សិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទីក្រុងហុងកុង ត្រូវបានមន្ទីរពេទ្យឃ្វីនអេលីហ្សាប៊ែត (Queen Elizabeth) ប្រកាសថា បានស្លាប់នៅម៉ោង ៨៖០៩នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅហុងកុង)។

និស្សិត Chow ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ទាំងក្នុងស្ថានភាពសន្លប់ស្តូកស្តឹង កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមានការផ្ទុះហិង្សាប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសហុងកុងនៅសង្កាត់ ត្សឹងក្វាន់អូន (Tseung Kwan O) កាលពីយប់ថ្ងៃអាទិត្យ។

Chow ត្រូវបានគេរកឃើញនៅដេកក្នុងថ្លុកឈាម ក្នុងចំណតរថយន្តមួយកន្លែង ដែលបានការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករ។
ខណៈស្ថានភាពជាក់ស្តែងដែលបានបណ្តាលឲ្យនិស្សិត Chow ទទួលរងរបួសធ្ងន់ធ្ងរបែបនេះ មិនត្រូវបានដឹងច្បាស់នៅឡើយ ប៉ូលិសហុងកុងជឿថា និស្សិត Chow ទំនងបានធ្លាក់ពីជាន់មួយទៅជាន់មួយទៀត នៃអគារចតរថយន្តដែលមានច្រើនជាន់នោះ។

គួរជម្រាបថា ចលនាបាតុកម្មនៅហុងកុង គឺមានការចូលរួមភាគច្រើនដោយនិស្សិត និងក្រុមយុវជនវ័យក្មេង ខណៈការស្លាប់នៃនិស្សិត Chow ត្រូវគេរំពឹងថា នឹងធ្វើឲ្យសកម្មភាពតវ៉ាកាន់តែមានភាពតានតឹងថែមទៀត។ ចំនួនអ្នកចូលរួមក្នុងបាតុកម្ម ដែលបានបន្តប្រព្រឹត្តទៅជារៀងរាល់ចុងសប្តាហ៍ គឺបានថយចុះច្រើន ដោយកាលពីថ្ងៃមិថុនា អ្នកតវ៉ាមានចំនួនដល់ខ្ទង់លាននាក់ ប៉ុន្តែអំពើហិង្សា និងសកម្មភាព បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈបានកើនឡើងជាខ្លាំង៕