(តូក្យូ)៖ យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់យោធាអាមេរិក កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ បានទម្លាក់គ្រាប់បែកសិប្បនិម្មិត មួយគ្រាប់ដោយអចេតនា ទៅលើដីឯកជនមួយកន្លែងក្បែរទីលានហ្វឹកហ្វឺនក្នុងខេត្ត Aomori ភាគខាងជើងប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន NHK នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា យន្តហោះចម្បាំងខាងលើ ឈរជើងនៅមូលដ្ឋានទ័ពអាកាសអាមេរិក Misawa ហើយហេតុ ការណ៍នោះ បានកើតឡើងនាវេលាម៉ោង០៦៖៣០នាទីយប់ថ្ងៃពុធម្សិលមិញ។ យោធាអាមេរិកបានបញ្ជាក់ថា គ្រាប់បែកសិប្បិនិម្មិត នោះ ត្រូវបានទម្លាក់នៅចម្ងាយប្រមាណ៥គីឡូម៉ែត្រពីទីលានហ្វឹកហ្វឺន Draughon ដែលនៅភាគខាងជើងបន្ទាយ Misawa ហើយ ក្រោយមកត្រូវបានរកឃើញនៅដីឯកជនមួយកន្លែង។ សំណាងល្អ វាមិនបានបង្កឲ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែ មូលហេតុដែលបណ្តាលឲ្យមានការទម្លាក់ខុសបច្ចេកទេសបែបនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
គួរជម្រាបថា ទីលានហ្វឹកហ្វឺន Draughon គឺជាកន្លែងតែមួយគត់ នៅលើកោះ Honshu ដែលអាចឲ្យយោធាអាមេរិក និងកងកម្លាំងស្វ័យការពារជប៉ុន ធ្វើការហាមសមប្រតិបត្តិការវាយប្រហារតាមផ្លូវ ដូចជាការទម្លាក់គ្រាប់បែកជាដើម។ អំឡុងប៉ុន្មាន ឆ្នាំចុងក្រោយនេះ ហេតុការណ៍ពាក់ព័ន្ធយន្តហោះក៏ដូចជាឧទ្ធម្ភាគចក្រយោធារបស់អាមេរិក បានកើតមានឡើងជាញឹកញាប់នៅ ក្នុងប្រទេសជប៉ុន ដូចជាករណីឧទ្ធម្ភាគចក្រអាមេរិកពីរគ្រឿង បានធ្វើការចុះចតបន្ទាន់នៅតំបន់ទីប្រជុំជនក្នុងខេត្ត Okinawa និង ករណីក្មេងសិស្សសាលាម្នាក់រងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្រអាមេរិកមួយគ្រឿងរបូតកញ្ចក់បង្អួចធ្លាក់ទៅលើសាលារៀនមួយកន្លែង ជាដើម។
មិនតែប៉ុណ្ណោះហេតុការណ៍រហូតបណ្តាលឲ្យបាត់បង់ជីវិតមនុស្សក៏មានដែរ ដូចជាករណីធ្លាក់យន្តហោះ C2-A នៅមហាសមុទ្រ ប៉ាស៊ីហ្វិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានបណ្តាលឲ្យកងទ័ព៣នាក់ស្លាប់ ក្នុងចំណោម១១នាក់ ខណៈមួយខែមុនករណី នោះ មានករណីចុះចតបន្ទាន់នៃឧទ្ធម្ភាគចក្រ CH-53 មួយគ្រឿង ដែលបានបណ្តាលឲ្យឧទ្ធម្ភាគចក្រនោះផ្ទុះឆេះ៕