(តៃប៉ិ)៖ ទីក្រុងប៉េកាំងអាចនឹងបើកការវាយប្រហារលើកោះតៃវ៉ាន់ ដើម្បីបង្វែរសម្ពាធនៅក្នុងស្រុក បើសិនជាសេដ្ឋកិច្ចចិនមានវិបត្តិ ខណៈសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក កំពុងគំរាមកំហែងដល់ឧត្ដមភាព នៃគណបក្សកុម្មុយនីស្ដចិន។ នេះជាការព្រមានពីរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក ចូសិព វូ (Joseph Wu) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនបញ្ហាស្ថេរភាពផ្ទៃក្នុងកាន់តែមានសភាពធ្ងន់ធ្ងរ ឬសេដ្ឋកិច្ចមានកំណើនយឺតយ៉ាវ ឬក៏ជួបវិបត្តិសម្រាប់ថ្នាក់ដឹកនាំចិនត្រូវដោះស្រាយជាបន្ទាន់ នោះវានឹងក្លាយជាឱកាសដែលយើងត្រូវតែបង្កើនការប្រុងប្រយ័ត្ន... យើងត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់ស្ថានការណ៍អាក្រក់ទាំងឡាយ ក្នុងនោះរួមមានទំាងជម្លោះយោធាផងដែរ»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Joseph Wu ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រុមមន្ត្រីចិនបានអះអាងថា ប្រទេសចិននឹងគោរពយ៉ាងពេញលេញ ចំពោះជីវភាពរស់នៅរបស់ប្រជាជន និងប្រព័ន្ធដឹកនាំសង្គមតៃវ៉ាន់ បើសិនជាកោះមួយនេះព្រមធ្វើការ «រួបរួមជាមួយចិនពេញលេញ» ព្រោះតៃវ៉ាន់ក៏នឹងទទួល បានការធានាសន្តិសុខដ៏យូរអង្វែង៕