(ម៉ូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានច្រានចោលការចុះផ្សាយដោយបណ្តាញសារព័ត៌មានអាមេរិកដែលថា មានការដាក់ ពង្រាយកងទ័ពរុស្ស៊ីនៅក្នុងប្រទេសលីប៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
កំឡុងការបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីស្រាអែល លោក Ryabkov បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា អត្ថបទចុះផ្សាយរបស់ បណ្តាញសារព័ត៌មានអាមេរិក គឺជាការសន្និដ្ឋានតែផ្តេសតែផ្តាស ដែលគ្មានភស្តុតាងជាមូលដ្ឋានច្បាស់លាស់ឡើយ ខណៈវាមិនមែនជា លើកទីមួយនោះទេ ដែលប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានព្យាយាមចែកចាយពាក្យចចាមអារ៉ាម រឿងប្រឌិត និងការសន្និដ្ឋាន បែបនេះ ប្រឆាំងនឹងលើប្រទេសរុស្ស៊ី។
ប៉ុន្មានថ្ងៃមុននេះ សារព័ត៌មានអាមេរិក The New York Times បានរាយការណ៍ថា កងទ័ពរុស្ស៊ីប្រមាណ២០០នាក់ ត្រូវបានបញ្ជូនទៅដល់ ប្រទេសលីប៊ី កំឡុង៦សប្តាហ៍កន្លងទៅ ក្រោមកិច្ចប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនឡើងវិញនៅតំបន់មជ្ឈិមបូព៌ានិងនៅ តំបន់អាហ្វ្រិក។
គួរជម្រាបថា វិបត្តិនៅក្នុងប្រទេសលីប៊ី បានចាប់ផ្តើមឡើង តាមរយៈចលនាបាតុកម្មទ្រង់ទ្រាយធំ ដែលឈានឲ្យមានការទម្លាក់គ្រាប់បែក ពីសំណាក់អង្គការ NATO ទៅលើកងទ័ពរដ្ឋាភិបាលលីប៊ីរបស់អតីតមេដឹកនាំ លោក Muammar Gaddafi ហើយចាប់តាំងតែពីការផ្តួលរំលំ និងធ្វើឃាតកម្មលោក Gaddafi មក ប្រទេសអាហ្រ្វិកខាងជើងនេះ បានធ្លាក់ក្នុងភ្លើងសង្រ្គាមស៊ីវិលអស់រាប់ឆ្នាំមកហើយ។ បច្ចុប្បន្នលីប៊ីស្ថិត ក្រោមការបែងចែកការគ្រប់គ្រងជាពីរផ្នែក គឺភាគខាងកើតគ្រប់គ្រងដោយកងកម្លាំង LNA និងខាងលិចគ្រប់គ្រងដោយរដ្ឋាភិបាល GNA៕