(សេអ៊ូល)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងនាថ្ងៃពុធនេះថា កូរ៉េខាងត្បូងគ្រោងនឹងកាត់បន្ថយចំនួនទ័ព ឲ្យនៅត្រឹមកន្លះលាននាក់នៅឆ្នាំ២០២២។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ចំនួនកងទ័ពនឹងត្រូវបន្ថយមកនៅ «៥០០,០០០នាក់» នៅឆ្នាំ២០២២ ដើម្បីត្រៀមសម្របទៅតាមការប្រែប្រួល នៅក្នុងសមរភូមិប្រយុទ្ធសម័យទំនើប និងការថយចុះនៃចំនួនប្រជាជន ដែលមានសមត្ថភាពលើបម្រើក្នុងជួរយោធា។
យោងតាម «សៀវភៅ-សស្តីពីវិស័យការពារជាតិរបស់កូរ៉េខាងត្បូងឆ្នាំ២០១៨» កូរ៉េខាងត្បូងមានកងទ័ពចំនួន ៥៩៩,០០០នាក់កាលពីឆ្នាំមុន។ ដោយឡែក ចំនួនប្រជាជនដែលមានសមត្ថភាពចុះឈ្មោះ ចូលបម្រើកងទ័ពត្រូវគេព្យាករណ៍ឃើញថា នឹងថយចុះមកនៅត្រឹម ២២៥,០០០នាក់នៅឆ្នាំ២០២៥ ហើយមកនៅ ១៦១,០០០នាក់នៅឆ្នាំ២០៣៨ ខណៈកាលពីឆ្នាំ២០១៦ គឺមានចំនួន ៣៦០,០០០នាក់។
គួរជម្រាបថា បច្ចុប្បន្នកូរ៉េខាងត្បូងកំពុងប្រឈមនឹងការប្រែប្រួលផ្នែកប្រជាសាស្រ្ត ដែលបង្កឡើងដោយសារកំណើននៃប្រជាជនដែលមានវ័យចាស់ជរា និងអត្រាកំណើតទាប ដែលជប៉ុនកំពុងជួបប្រទះធ្ងន់ធ្ងរ។ ចំនួនប្រជាជនសរុបនៅប្រទេសកូរ៉េខាងត្បូងត្រូវគេរំពឹងថា នឹងធ្លាក់មកត្រឹម ៣៩លាននាក់ នៅឆ្នាំ២០៦៧ ខណៈសព្វថ្ងៃមានចំនួន ៥១លាននាក់។
ទន្ទឹមគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងក៏បានឲ្យដឹងដែរថា ក្រសួងនឹងធ្វើការវាយតម្លៃទៅលើចំណាត់ការនានា សំដៅចង់ឲ្យបុគ្គលទាំងឡាយដែលទទួលបានសញ្ជាតិកូរ៉េ ត្រូវតែចូលបម្រើកាតព្វកិច្ចយោធា។ បច្ចុប្បន្នអ្នកដែលចូលសញ្ជាតិកូរ៉េ គឺអាចចូលបំពេញកាតព្វកិច្ចយោធាបាន ប្រសិនបើពួកគេជ្រើសរើសធ្វើយ៉ាងដូច្នោះ តែពុំមានការតម្រូវតែម្តងនោះឡើយ៕