(ម៉ូស្គូ)៖ ឆ្លើយតបទៅនឹងទង្វើដែលអាមេរិកកំពុងធ្វើ នៅភាគខាងជើងប្រទេសស៊ីរី ដោយមិនខ្វល់នឹងការរិះគន់ថាជាអំពើប្លន់ប្រេងពីស៊ីរីនោះ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយថា តំបន់អណ្តូងប្រេងគឺស្ថិតនៅក្នុងដែនអធិបតេយ្យ របស់ប្រទេសស៊ីរី ដូច្នេះវាគួរតែរដ្ឋាភិបាលស៊ីរីជាអ្នកគ្រប់គ្រង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាល្ងាចថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុននេះបានប្រកាសថា លោកចូលចិត្តប្រេង ហើយលោកចង់ឲ្យកងទ័ពអាមេរិកមួយចំនួន ស្ថិតនៅភាគខាងជើងប្រទេសស៊ីរីបន្តទៀត ដើម្បីថែរក្សាអណ្តូងប្រេង។ លើសពីនេះទៅទៀត លោកក៏បានស្នើឲ្យក្រុមហ៊ុនប្រេងធំៗរបស់អាមេរិក សិក្សាអំពីលទ្ធភាពក្នុងការចូលទៅបូមប្រេងស៊ីរីថែមទៀតផង។ ពាក្យសម្តីរបស់លោក ដូណាល់ ត្រាំ បែបនេះធ្វើឲ្យមេដឹកនាំស៊ីរីផ្ទាល់ ក៏ដូចជារដ្ឋាភិបាលអ៊ីរ៉ង់ជាដើម បានសម្តែងអារម្មណ៍ហួសចិត្ត ប៉ុន្តែពួកគេក៏បានកោតសរសើរលោក ដូណាល់ ត្រាំ ផងដែរដែលបាននិយាយចេញនូវចេតនាពិត ដោយមិនលាក់លៀមដូចមេដឹកនាំអាមេរិកមុនៗ។
ដោយឡែកជុំវិញប្រតិបត្តិការថែរក្សាអណ្តូងប្រេង នៅភាគខាងជើងស៊ីរីដោយសហរដ្ឋអាមេរិកនោះ ភាគីរុស្ស៊ីដែលកំពុងសកម្មក្នុងការដោះស្រាយបញ្ហានៅស៊ីរី ក៏បានអះអាងផងដែរថា ខ្លួននឹងមិនចូលរួម ឬក៏ធ្វើការសហការណាមួយជាមួយអាមេរិកនោះឡើយ ពាក់ព័ន្ធនឹងប្រេងស៊ីរី។ ក្រសួងការបរទេសរុស្ស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រេងស៊ីរីគឺជាសម្បត្តិនៃប្រជាជនស៊ីរីទាំងអស់...។ រុស្ស៊ីជឿជាក់ថា ជនជាតិស៊ីរីគួរតែគ្រប់គ្រងសម្បត្តិធម្មជាតិដោយខ្លួនពួកគេផ្ទាល់ ក្នុងនោះមានទាំងប្រេងផងដែរ»។
គួរបញ្ជាក់ថា សារព័ត៌មានតួកគីអាណាដូលូ (Anadolu) កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញផ្សាយអំពីការកសាងមូលដ្ឋានទ័ពថ្មីរបស់អាមេរិកចំនួនពីរ នៅក្នុងខេត្តឌែរអ៊ែរហ្ស័រ (Deir ez-Zor) ភាគឦសានប្រទេសស៊ីរី ដែលសំបូរដោយភោគទ្រព្យប្រេងបំផុត។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលស៊ីរីបានចេញសេចក្តីថ្លែងការណ៍មួយ ដោយហៅសកម្មភាពរបស់អាមេរិកនោះថា «ជាទង្វើដែលមិនអាចទទួលយកបានសោះឡើយ»៕