(វ៉ាស៊ីនតោន)៖ ការប្រឹងប្រែងនៅក្នុងសភាអាមេរិកដើម្បីអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលសំដៅដាក់សម្ពាធលើប្រទេសចិន ជុំវិញបញ្ហា បាតុកម្មនៅ ទីក្រុងហុងកុងនោះ កំពុងតែជួបបញ្ហារាំងស្ទះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
កាលពីពាក់កណ្តាលខែតុលាកន្លងទៅ សភាតំណាងរាស្រ្តអាមេរិកបានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីព្រាងច្បាប់មួយស្តីពីហុងកុង។ ទង្វើនេះបានធ្វើឲ្យ ទីក្រុងប៉េកាំងបញ្ចេញប្រតិកម្មថា សហរដ្ឋអាមេរិកមានបំណងលូកដៃជ្រៀតជ្រែកចូលក្នុងបញ្ហាហុងកុង ដោយឥតអៀនខ្មាស់ទាល់តែសោះ។ ស្របពេលដែលគណៈកម្មាធិការមួយនៃព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតគាំទ្រចំណាត់ការស្រដៀងគ្នានេះ កាលពីខែកញ្ញា ការបោះឆ្នោតពេញអង្គ ព្រឹទ្ធសភាតែម្តង នៅមិនទាន់កំណត់ថា នឹងប្រព្រឹត្តទៅនាពេលណាឲ្យប្រាកដនៅឡើយទេ។
ម៉្យាងវិញទៀត សេតវិមានក៏មិនបានបញ្ជាក់ ដែរថា តើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាគាំទ្រ ឬក៏វេតូប្រឆាំង សេចក្តីព្រាងច្បាប់នេះ ដ្បិតរដ្ឋបាលលោក កំពុងស្ថិតនៅលើចំណុចដ៏សំខាន់នៃដំណើរការចរចាជម្លោះពាណិជ្ជកម្មជាមួយចិន។ មិន តែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់ខាងលើ ក៏នឹងអាស្រ័យថាតើបណ្តាសមាជិកសភាអាមេរិក ដែលតំណាងឲ្យរដ្ឋដែលមានក្រុមហ៊ុនអាមេរិក បណ្តាក់ទុនវិនិយោគធំធេងនៅក្នុងទីផ្សារប្រទេសចិន អាចជម្នះក្តីព្រួយបារម្ភអំពីការចេញចំណាត់ការសងសឹកពីសំណាក់ទីក្រុងប៉េកាំង មកលើក្រុមហ៊ុនអាមេរិកវិញដែរឬយ៉ាងណា។
គួរជម្រាបថា ចលនាបាតុកម្មនៅទីក្រុងហុងកុងដែលបានផ្ទុះឡើងកាលពីខែមិថុនា ឆ្នាំ២០១៩ កំពុងបន្តបង្កជាអំពើហិង្សាកាន់តែអាក្រក់ ជារៀងរាល់ចុងសប្តាហ៍។ រដ្ឋាភិបាលចិនបានរិះគន់សហរដ្ឋអាមេរិកថា ដោយសារតែការគាំទ្រដោយមិនបើកភ្នែកបែបនេះ ទើបធ្វើឲ្យក្រុមបាតុករហុងកុងកាន់តែ បានដៃខ្លាំងឡើងៗ៕