(សិង្ហបុរី)៖ រដ្ឋមន្រ្តីបរិស្ថាននិងធនធានទឹកនៃប្រទេសសិង្ហបុរី បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ប្រទេសលោកបាននាំចូលទឹកសុទ្ធសរុបប្រហែល ១៧លានដបក្នុងមួយខែៗពីប្រទេសម៉ាឡេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីបរិស្ថាន និងធនធានទឹកសិង្ហបុរីលោក ម៉ាសាហ្គោស ហ្សាល់គីហ្វលី (Masagos Zulkifli) បានលើកឡើងបែបនេះពាក់ព័ន្ធនឹងគម្រោងរដ្ឋាភិបាលសិង្ហបុរី ក្នុងការដំឡើងឧបករណ៍ផ្តល់ទឹកស្អាតបន្ថែម នៅតាមកន្លែងដូចជាអគារការិយាល័យ មជ្ឈមណ្ឌលលក់ទំនិញ និងស្ថានីយដឹកជញ្ជូនអ្នកដំណើរសាធារណៈជាដើម។
លោក Masagos បានបញ្ជាក់ទៀតថា ក្រសួងបរិស្ថាន និងធនធានទឹកសិង្ហបុរីលើកទឹកចិត្តចំពោះផែនការនេះ ហើយវាក៏គាំទ្រដល់កិច្ចប្រឹងប្រែងរបស់សិង្ហបុរី ក្នុងការកាត់បន្ថយការប្រើប្រាស់ទឹកសុទ្ធដប និងការប្រយុទ្ធប្រឆាំងជាមួយជំងឺទឹកនោមផ្អែម ដោយសារទទួលទានភេសជ្ជៈផ្អែមៗជំនួសទឹក ដែលកំពុងកើនឡើងនៅក្នុងសង្គមសិង្ហបុរី។
លោក Masagos Zulkifli បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យោងតាមទិន្នន័យនៅក្នុងរបាយការណ៍ចុងក្រោយបំផុត ដែលរៀបចំឡើងទីភ្នាក់ងារស្បៀង អាហារសិង្ហបុរី យើងនាំចូលទឹកសុទ្ធប្រមាណ ១៧លានដបក្នុងមួយខែៗពីម៉ាឡេស៊ី ដោយពុំទាន់រាប់ការនាំចូលពីប្រទេសផ្សេងទៀតឡើយ ។ ប្រសិនបើតាមទឹកចេញពីក្បាលរ៉ូប៊ីណេនៅសិង្ហបុរី ពិតជាមានសុត្ថិភាពមួយរយភាគរយក្នុងការបរិភោគ យើងពិតជាអាចហើយគួរខិតខំប្រឹងប្រែងថែមទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកសុទ្ធដប»៕