(អាតែន)៖ ជនអន្តោប្រវេសន៍សរុប៤១នាក់ ដែលសុទ្ធសឹងតែជាជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ត្រូវបានគេរកឃើញ ពេលលាក់ខ្លួនក្នុងរថយន្តដឹកទំនិញមួយគ្រឿង នៅភាគឦសានប្រទេសក្រិច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅរសៀលថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
រថយន្តដឹកទំនិញ ដែលលួចផ្ទុកជនអន្តោប្រវេសន៍ខាងលើ ត្រូវបានប៉ូលិសក្រិចត្រួតពិនិត្យឆែកឆេរ នៅក្បែរទីក្រុង Xanthi។ រថយន្តនោះត្រូវគេជឿ ជាក់ថា មានប្រភព មកពីប្រទេសតួកគី។ ក្នុងចំណោមជនអន្តោប្រវេសន៍ទាំង៤១នាក់ មានម្នាក់ជាជនជាតិអ៊ីរ៉ង់ ម្នាក់ជាស៊ីរី និងអ្នកដទៃទៀតជាជនជាតិអាហ្វហ្គានីស្ថាន ហើយក្នុងនោះ ក៏ មានអនីតិជនចំនួន៦នាក់ផងដែរ។ រីឯអ្នកបើករថយន្តដែលវ័យ៤០ឆ្នាំ ត្រូវបានឃាត់ខ្លួន។ បច្ចុប្បន្នចំនួនជនអន្តោប្រវេសន៍ និងជនភៀសខ្លួនធ្វើដំណើរមកកាន់ប្រទេស ក្រិចហាក់បានកើនឡើងខ្លាំង គិតចាប់តាំងពីឆ្នាំ២០១៥មក ដែលវាគឺជាបញ្ហាប្រឈមដ៏ធំមួយរបស់ក្រិច។
គួរជម្រាបថា កាលពីខ្ទង់១០ថ្ងៃមុន សាកសពមនុស្សចំនួន៣៩នាក់ ដែលគេជឿជាក់ថាជាជនអន្តោប្រវេសន៍មកពីប្រទេសវៀតណាមទាំងអស់ ត្រូវបានរកឃើញក្នុងទូរ រថយន្តកុងតឺន័រមួយគ្រឿងនៅក្បែរទីក្រុងឡុងដ៍។ ពាក់ព័ន្ធសំណុំរឿងនេះ មនុស្ស២នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការនៅចក្រភពអង់ក្លេស រីឯមនុស្ស៨នាក់ត្រូវបាន ចាប់ខ្លួននៅវៀតណាម ខណៈអាជ្ញាធរអង់គ្លេសកំពុងបន្តដំណើរការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ៕