(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងតែគិតគូរចង់វិលត្រឡប់ទៅសិក្សាលើភពបម្រុងភ្លុយតូ (Pluto) ជាថ្មីម្តងទៀត ហើយស្ថិតនៅទីនោះឲ្យយូរជាងមុន។
២៖ ប្រជាជនឥណ្ឌារាប់លាននាក់នៅក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា កំពុងតែបន្តរងការបំពុលខ្យល់អាកាស យ៉ាងធ្ងន់ធ្ងរ ខណៈសាលារៀនត្រូវបានបិទទ្វារ រីឯរថយន្តផ្ទាល់ខ្លួនត្រូវបានផ្អាកមិនឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ហើយការដ្ឋានសាងសង់នានាត្រូវបានបញ្ឈប់ដំណើរសិន។
៣៖ ក្រុមហ៊ុនផលិតយន្តហោះនិងគ្រឿងសព្វាវុធអ៊ីស្រាអែល IAI បានធ្វើតេស្តហោះហើរជាលើកដំបូងនៃយន្តហោះដែល នឹងត្រូវប្រើប្រាស់ សម្រាប់ការ ធ្វើដំណើរនៃថ្នាក់ដឹកនាំប្រទេសរបស់ខ្លួន ពោលគឺប្រៀបដូចជាយន្តហោះ Air Force One របស់សហរដ្ឋអាមេរិកដែរ។
៤៖ ប៉ូលិសហុងកុងនៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សពីរនាក់បានរងរបួសធ្ងន់ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា រវាងអាជ្ញាធរ និងក្រុមបាតុករកាលពីចុងសប្ដាហ៍កន្លងទៅ
៥៖ អតីតមេដឹកនាំសហភាពសូវៀត លោក មីឃែល ហ្គោបាឆេវ (Mikhail Gorbachev) បានព្រមានថាភាពតានតឹង បច្ចុប្បន្នរវាង រុស្ស៊ី និងបណ្ដាប្រទេសលោកខាងលិច ជាពិសេសជាមួយសហរដ្ឋអាមេរិក បាននិងកំពុងរុញច្រាន ឱ្យពិភពលោក ទាំងមូលធ្លាក់ចូលក្នុងស្ថានភាព «គ្រោះថ្នាក់ដ៏ធំធេងបំផុត»។
៦៖ ក្រុមហ៊ុនអាហារដ៏ល្បីរបស់សហរដ្ឋអាមេរិក McDonald បានបណ្ដេញនាយកប្រតិបត្តិ (CEO) លោក Steve Easterbrook ចេញពីតំណែងហើយ ដោយសារតែមានទំនាក់ទំនងស្នេហាជាមួយបុគ្គលិក មិនត្រូវបានបញ្ជាក់អត្តសញ្ញាណម្នាក់៕