(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងតែគិតគូរចង់វិលត្រឡប់ទៅសិក្សាលើភពបម្រុងភ្លុយតូ (Pluto) ជាថ្មីម្តងទៀត ហើយស្ថិតនៅទីនោះឲ្យយូរជាងមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Space នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទីភ្នាក់ងារអវកាស NASA បានផ្តល់ថវិកាឲ្យវិទ្យាសា្ថនស្រាវជ្រាវ Southwest Research Institute (SwRI) ដើម្បីធ្វើការសិក្សាវាយតម្លៃលើលទ្ធភាពនៃគម្រោងបេសកកម្ម មួយស្តីពីការបញ្ជូនយានប្រភេទផ្កាយរណបឲ្យទៅគោចរនៅក្បែរ Pluto ដែលស្ថិតក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Kuiper។ វិទ្យាស្ថាន SwRI នេះហើយ គឺជាអ្នកដឹកនាំ បេសកកម្ម New Horizon របស់អង្គការ NASA ដែលវាបានហោះឆ្វែលទៅកៀក Pluto កាលពីខែកក្កដា ឆ្នាំ២០១៥ និងផ្តិតយករូបភាពជិតជាលើកទីមួយនៃភពបម្រុង ឬ ភពមិនពេញលក្ខណៈដែលគេហៅថា Dwarf Planet នេះ។
យ៉ាងណាមិញ យាន New Horizon មិនបានស្ថិតនៅក្បែរ Pluto យូរឡើយ ដោយកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ វាបានធ្វើការហោះឆ្វែលជាលើកទីពីរ តែលើក នេះគឺទៅកៀកដុំថ្មអវកាសតូចមួយនៅតំបន់ខ្សែក្រវាត់ Kuiper ដូចគ្នា ដែលមានឈ្មោះសម្គាល់ថា 2014 MU69 ឬ Ultima Thule។ បច្ចុប្បន្នបេសកកម្ម New Horizon នៅ ដំណើរការល្អជាធម្មតា ហើយនៅមានឥន្ធនៈគ្រប់គ្រាន់ ដើម្បីហោះឆ្វែលដុំថ្មអវកាសផ្សេងទៀតនៅក្នុងតំបន់នេះ ប្រសិនបើ NASA ចង់។
គួរជម្រាបថា ពាក់ព័ន្ធនឹងគម្រោងចង់ត្រឡប់ទៅសិក្សា Pluto ជាថ្មីម្តងទៀតនេះ គឺមិនមែនមានន័យថា វានឹងក្លាយជាការពិតឡើយ ព្រោះថា NASA ក៏បានចាត់ឲ្យមានការ សិក្សាវាយតម្លៃលើគម្រោងបេសកកម្មប្រមាណ៩ផ្សេងទៀតផងដែរ។ Pluto ធ្លាប់ត្រូវគេចាត់ទុកជាភពទី៩នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ប៉ុន្តែវាត្រូវបានចាត់ថ្នាក់ទៅជាភពបម្រុង ឬភពមិនពេញលក្ខណៈវិញកាលពីឆ្នាំ២០០៦ ក្រោយមានការកំណត់និយមន័យជាផ្លូវការអំពីភព៕