(ហាណូយ)៖ ប៉ូលិសវៀតណាម បានចាប់ខ្លួនមនុស្ស៨នាក់ ពីបទសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីសាកសពមនុស្ស ៣៩នាក់ ដែលគេរកឃើញនៅក្នុងទូរកុងតឺន័រមួយ ក្បែរទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីសប្ដាហ៍មុន។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម VNA ធ្វើសេចក្ដីរាយការណ៍បែបនេះ ផ្អែកលើការស្រង់សម្ដីមេបញ្ជាការប៉ូលិស នៃខេត្ត Nghe An លោក Nguyen Huu Cau។ លោក Nguyen បានបន្ថែមដូច្នេះថា៖ «ឈរលើមូលដ្ឋានដែលយើងបាន សា្រវជ្រាវទាក់ទិននឹងជនសង្ស័យ យើងនឹងស៊ើបអង្កេតយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំង ក៏ដូចជាលុបបំបាត់ការជួញដូរ មនុស្សទៅកាន់ប្រទេសអង់គ្លេស»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ប៉ូលិសវៀតណាម ក៏បានចាប់ខ្លួនមនុស្ស២នាក់ផងដែរ និងបានកោះហៅមនុស្សជាច្រើន នាក់មកសួរចម្លើយជុំវិញសំណុំរឿង សាកសពទាំង ៣៩នាក់ ដែលត្រូវបានរកឃើញក្នុងទូរកុងតឺន័រមួយ នៅឯតំបន់ Essex ស្ថិតនៅក្បែរទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ស្របពេលមានរបាយការណ៍ជាច្រើនថាជនរងគ្រោះទាំងអស់គឺជា ជនជាតិវៀតណាម៕