(សៀងហៃ)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទនេះ បានផ្ដើមបំពេញទស្សនកិច្ច ផ្លូវរដ្ឋទៅកាន់ប្រទេសចិន ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ខណៈអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ជំរុញឱ្យលោកលើកយកសំណុំរឿងហុងកុង និងតំបន់ស៊ីនជាំង ទៅពិភាក្សាជាមួយថ្នាក់ដឹកនាំចិន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
តាមការគ្រោងទុក លោក ម៉ាក្រុង នឹងទៅដល់ទីក្រុងសៀងហៃ នៅរសៀលថ្ងៃចន្ទនេះ ដើម្បីចូលរួមក្នុងវេទិកាអន្តរជាតិមួយ ស្ដីពីសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ហើយនេះគឺជាដំណើរទស្សនិច្ចផ្លូវរដ្ឋលើកទី២ របស់លោក នៅប្រទេសចិន ចាប់តាំងពីទស្សនកិច្ចលើកដំបូងកាលខែមករា ឆ្នាំ២០១៨។ ប៉ុន្តែលោក ម៉ាក្រុង ត្រូវបានគេរំពឹងថានឹង ជួបការលំបាកក្នុងការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន បន្ទាប់ពីក្រុមមន្ត្រីបារាំងជាច្រើននាក់ អះអាងថា លោកប្រធានាធិបតីរូបនេះ អាចនឹងលើកយកប្រធានបទពាក់ព័ន្ធនឹងបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង ព្រមទាំង សំណុំរឿងជនជាតិដើមភាគតិចម៉ូស្លីម Uyghurs នៅឯតំបន់ស៊ីនជាំង ទៅពិភាក្សាជាមួយថ្នាក់ដឹកនាំចិន។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក អែមម៉ានុយអែល ម៉ាក្រុង នៅក្នុងប្រទេសចិននឹងត្រូវប្រព្រឹត្តទៅពី ថ្ងៃចន្ទនេះ រហូតដល់ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ដោយលោកនឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង រួមទាំងថ្នាក់ដឹកនាំចិនដទៃទៀត ផងដែរ៕