Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចនឹងរុញច្រានពិភពលោក ឲ្យជួបគ្រោះថ្នាក់ដ៏ធំធេងបំផុត, នេះបើតាមសម្តីអតីតមេដឹកនាំសូវៀត (Video inside)

04-11-2019 10:17

(ម៉ូស្គូ)៖ អតីតមេដឹកនាំសហភាពសូវៀត លោក មីឃែល ហ្គោបាឆេវ (Mikhail Gorbachev) បានព្រមានថា ភាពតានតឹងបច្ចុប្បន្នរវាង រុស្ស៊ី និងបណ្ដាប្រទេសលោកខាងលិច ជាពិសេសជាមួយសហរដ្ឋអាមេរិក បាននិងកំពុងរុញច្រានឱ្យពិភពលោក ទាំងមូលធ្លាក់ចូលក្នុងស្ថានភាព «គ្រោះថ្នាក់ដ៏ធំធេងបំផុត»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការព្រមានបែបនេះរបស់លោក Gorbachev ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ BBC នាពេលថ្មីៗនេះ និងសំអាងទៅលើហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។ នាឱកាសនោះ អតីតមេដឹកនាំសហភាពសូវៀតរូបនេះ (ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១) បានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែអាវុធប្រល័យលោក ជាពិសេសអាវុធនុយក្លេអ៊ែរនៅតែមានវត្តមាន ពិភពលោកបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដ៏ធំអស្ចារ្យ... ដូច្នេះប្រជាជាតិទាំងអស់ត្រូវតែប្រកាសរួមគ្នាថា អាវុធនុយក្លេអ៊ែរគួរតែត្រូវបានបំផ្លាញ»

គួរបញ្ជាក់ថា ក្រោយរុស្ស៊ី និងសហរដ្ឋអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាផ្លូវការកាលពីខែសីហាកន្លងទៅ មហាអំណាចទាំង ២ បានធ្វើតេស្ដមីស៊ីលដែលត្រូវបានហាមឃាត់ ក្រោមអតីតសន្ធិសញ្ញានេះជាបន្តបន្ទាន់ ដោយបង្កឱ្យជំនាញជាច្រើនយល់ថា ការរត់ប្រណាំងសព្វាវុធ និងសង្រ្គាមត្រជាក់កំពុងផ្ទុះឡើងជាថ្មី៕