Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពអាមេរិករងការវាយប្រហារ នៅក្នុងប្រទេសស៊ីរី, នេះបើតាមការបញ្ជាក់ពីរុស្ស៊ី (Video inside)

04-11-2019 09:30

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់ទីក្រុងម៉ូស្គូថា ក្បួនកងទ័ពអាមេរិកបានរងការវាយប្រហារ កាលពីថ្ងៃអាទិត្យ ដោយក្រុមជីវពលគាំទ្រតួកគី នៅក្បែរទីក្រុង ធែលតាមែ (Tell Tamer) ស្ថិតនៅភាគឦសានប្រទេសស៊ីរី។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «យើងបានទទួលព័ត៌មានថា ក្បួនកងទ័ពអាមេរិកនៅលើផ្លូវ M4 ឆ្ពោះទៅកាន់ព្រំដែនអ៊ីរ៉ាក់ ស្ថិតនៅចំងាយ ០៦គីឡូម៉ែត្រពីភាគខាងលិចទីក្រុង Tell Tamer បានរងការវាយប្រហារពីសំណាក់ កងជីវពលនៃកងទ័ពរំដោះស៊ីរីគាំទ្រដោយតួកគី»។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងមួយនេះមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរជម្រាបថា កាលពីចុងសប្ដាហ៍កន្លងទៅប្រព័ន្ធផ្សព្វផ្សាយស៊ីរី SANA បានបង្ហោះវីដេអូមួយ ដោយបង្ហាញថា ក្បួនកងទ័ពអាមេរិកជាច្រើនបានធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនអ៊ីរ៉ាក់ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកកងទ័ពអាមេរិកចេញពីស៊ីរី កាលពីខែតុលាកន្លងទៅ។ អាមេរិកមិនដងកងទ័ពចេញពីស៊ីរីទាំងអស់នោះឡើយ ដោយលោក ត្រាំ បានបញ្ជាក់ហើយថា ពួកគេមួយចំនួននៅបន្តរក្សាវត្តមានក្នុងប្រទេសស៊ីរី ដើម្បីថែរក្សាតំបន់រុករកប្រេង៕