(សេអ៊ូល)៖ មកដល់រសៀលថ្ងៃអាទិត្យនេះ កងកម្លាំងឆ្មាំសមុទ្រកូរ៉េខាងត្បូង បានស្រង់សាកសពមនុស្ស៣នាក់ ដែលស្ថិតនៅក្នុងចំណោមជនរងគ្រោះសរុប៧នាក់នៃករណីធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងកាលពីប៉ុន្មានថ្ងៃមុន នៅសមុទ្រខាងកើត (សមុទ្រជប៉ុន)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន យុនហាប់ នៅរសៀលថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជាមួយគ្នានេះខ្មោចឧទ្ធម្ភាគចក្រក៏ត្រូវបានស្រង់ចេញពិផ្ទៃទឹកដូចគ្នាផងដែរ ខណៈប្រតិបត្តិការរុករកកំពុងបន្តប្រព្រឹត្តទៅសម្រាប់មនុស្សដែលបាត់ខ្លួន៤នាក់ទៀត។ ឧទ្ធម្ភាគចក្រខាងលើ គឺជាឧទ្ធម្ភាគចក្ររបស់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ដែលមានដឹកមនុស្ស៧នាក់ ក្នុងនោះមានអ្នករបួសម្នាក់ ហើយបានធ្លាក់ទៅក្នុងសមុទ្រខាងកើត កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយហោះចេញពីកោះ Dokdo ដែលជាដែនកោះកូរ៉េខាងត្បូងមានជម្លោះជាមួយប្រទេសជប៉ុន។
គួរជម្រាបថា គ្រោះថ្នាក់នេះបានកើតឡើង នៅពេលឧទ្ធម្ភាគចក្រនោះ ស្ថិតក្នុងការបំពេញបេសកកម្មជួយសង្រ្គោះមនុស្សរងរបួសម្នាក់ចេញពីលើទូកនេសាទមួយគ្រឿង៕