(សៀងហៃ)៖ ប្រទេសចិនបានអនុញ្ញាតឲ្យមានការនាំចូលទំនិញមួយចំនួនដូចជា ផ្លែម្នាស់ពីប្រទេសប៉ាណាម៉ា និងសាច់គោពីប្រទេសបូលីវីស្ថិតនៅតំបន់អាមេរិកឡាទីន ហើយនេះគឺជាការនាំចូលក្នុងតំណាក់កាលទី ១ និងជាលើកដំបូងបំផុតផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្រាប់ទំនិញដែលត្រូវនាំចូលមកកាន់ប្រទេសចិន តាមរយៈកំពង់ផែយ៉ាងសាន (Yangshan) នៃទីក្រុងសៀងហៃខាងលើគឺមានដូចជា ផ្លែម្នាស់ចំនួន ២១តោន និងសាច់គោ ៧៤តោន។ ការនាំចូលនេះគឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងរវាងចិន និងបណ្តាប្រទេសអាមេរិកឡាទីន ដែលបានងាករេចង្កូតមកគាំទ្រនយោបាយចិនតែមួយ ដោយចាត់ទុកកោះតៃវ៉ាត្រឹមតែជាខេត្តមួយរបស់ចិន។ ប្រទេសចិនក៏បានសន្យាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ឲ្យកាន់តែខ្លាំងក្លាផងដែរ ជាមួយបណ្តាប្រទេសនានានៅអាមេរិកឡាទីន៕