ចិន និងអាមេរិកនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ លើដំណើរការដោះស្រាយជម្លោះពាណិជ្ជកម្ម
01-11-2019 17:52
(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិន និងសហរដ្ឋអាមេរិក នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធដដែលជុំវិញកិច្ចពិភាក្សា ដើម្បីបន្ថយកម្តៅនៃសង្គ្រាមពាណិជ្ជកម្ម ខណៈកិច្ចព្រមព្រៀងដំណាក់កាលទី ១ អាចនឹងត្រូវសម្រេចជាផ្លូវការ នៅពាក់កណ្តាលខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការអះអាងរបស់ចិនខាងលើ ក៏មិនសូវខុសពីអាមេរិកដែរ ព្រោះនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសទាំងពីរនឹងប្រកាសនូវទីតាំងថ្មី ដែលនឹងត្រូវរៀបចំកិច្ចប្រជុំរួមគ្នា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី១» ក្រោយប្រទេសឈីលីបានសម្រេចចិត្ត ពន្យារពេលរៀបចំកិច្ចប្រជុំកំពូល APEC ដែលបានគ្រោងប្រារព្ធឡើងនៅពាក់កណ្តាលខែវិច្ឆិកានោះ។
គួរបញ្ជាក់ថា ក្រសួងការបរទេសចិនចង់ឲ្យកិច្ចប្រជុំរវាងចិន និងអាមេរិកខាងលើនេះ (ដែលអាចជាជំនួបរវាងលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ) រៀបចំឡើងនៅក្នុងទីក្រុងម៉ាកាវ (Macau) ប៉ុន្តែសហរដ្ឋអាមេរិកមិនទាន់ធ្វើការឆ្លើយតបនោះឡើយ ជុំវិញជម្រើសរបស់ចិន។ ដោយឡែកសម្រាប់ពេលវេលានៃកិច្ចប្រជុំវិញនោះ គឺអាចនៅកំឡុងពាក់កណ្តាលខែវិច្ឆិកា៕