(អាមេរិក)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៊ែស្ពើ (Mark Esper) បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែរៀបចំផែនការ ក្នុងការដាក់ពង្រាយយោធាអាមេរិកឡើងវិញ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថិតនៅក្នុងគោលដៅបង្កើនភាពជាដៃគូ និងពង្រឹងកិច្ចប្រតិបត្តិការ ជាមួយបណ្តាសម្ព័ន្ធមិត្តដែលស្ថិតនៅទីនោះស្រាប់។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Mark Esper បានលើកឡើងនៅក្នុងកិច្ចពិភាក្សាជាមួយសមភាគីអូស្ត្រាលី នៅឯមន្ទីរការពារជាតិអាមេរិកបញ្ចកោណ ស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោនយ៉ាងដូច្នេះថា «អ្នកដឹងហើយថា ខ្ញុំបានមើលឃើញការប្រកួតប្រជែងធំបំផុត ពេលខ្ញុំមកកាន់តំណែងនេះ ដោយយើងត្រូវតែពង្រឹងយុទ្ធសាស្ត្រការពារជាតិរបស់យើង...។ ក្នុងយុទ្ធសាស្ត្រការពារជាតិ ត្រូវតែដាក់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាក្តីព្រួយបារម្ភធំបំផុត ហើយដើម្បីសម្រេចបែបទៅបាន ខ្ញុំត្រូវតែធ្វើការងារយ៉ាងស្វាហាប់បន្ថែមទៀត...»។
ស្ថិតនៅចំពោះមុខរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោកស្រី លីនដា រៃណូលស៍ (Linda Reynolds) រដ្ឋមន្ត្រីការពារជាតិអាមេរិកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំត្រូវតែដាក់ពង្រាយទ័ពទៅកាន់តំបន់នោះ... ខ្ញុំត្រូវតែបង្កើនវត្តមាននៅក្នុងតំបន់ (ឥណ្ឌូ-ប៉ាស៊ីហ្វិក)...»។ កិច្ចការនេះអាចសម្រេចទៅបាន គឺពិតណាស់ថា ត្រូវការកិច្ចសហប្រតិបត្តិការបន្ថែមរវាង សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី ហើយគោលដៅធំបំផុតដែលប្រទេសសម្ព័ន្ធមិត្ត ទាំងពីរចង់ទប់ទល់ នោះគឺប្រទេសចិនតែម្តង៕