(សេអ៊ូល)៖ ក្រុមសង្គ្រោះរបស់កូរ៉េខាងត្បូងកំពុងតែបំពេញប្រតិបត្តិការ ដើម្បីស្វែងរកមនុស្សចំនួន ០៧នាក់ដែលកំពុងបាត់ខ្លួនក្នុងផ្ទៃសមុទ្រ ក្បែរប្រជុំកោះដុកដូ (Dokdo) ក្រោយពីមានសេចក្តីរាយការណ៍ថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅក្នុងតំបន់នោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឧទ្ធម្ភាគចក្រដែលបានធ្លាក់ចូលសមុទ្រខាងលើនេះ ជាប្រភេទអ៊ែរបឺស H225 (Airbus Helicopters H225) បានធ្វើដំណើរទៅកាន់តំបន់ប្រជុំកោះដុកដូ ដើម្បីជួយសង្គ្រោះប្រជាជនកូរ៉េខាងត្បូង ដែលបានទទួលរងរបួស និងជិះលើទូកនេសាទមួយ។ សម្រាប់មនុស្សជិះនៅលើឧទ្ធម្ភាគចក្រនោះគឺមាន ០៧នាក់ ដោយប្រាំនាក់ជាក្រុមសង្គ្រោះ, ម្នាក់ជាអ្នកនេសាទ និងម្នាក់ទៀតជាជនស៊ីវិល។

គួរបញ្ជាក់ថា អ្នករងរបួសជាជនជាតិកូរ៉េខាងត្បូង ដែលបានជិះនៅលើទូកនេសាទនោះ ត្រូវបានគេរបាយការណ៍ថា បានទទួលរងរបួស និងត្រូវបានទូកនេសាទមួយដឹកទៅកាន់កោះ ដុកដូ ដើម្បីរង់ចាំឧទ្ធម្ភាគចក្រមកសង្គ្រោះ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនទាន់បញ្ជាក់ថា តើមូលហេតុអ្វីដែលបានបង្កឲ្យឧទ្ធម្ភាគចក្រខាងលើនេះធ្លាក់នោះឡើយ ប៉ុន្តែយន្តហោះយោធា និងក្រុមអ្នកមុជទឹកត្រូវបានបញ្ជូនទៅកាន់ទីនោះហើយ ដើម្បីស្វែងរកអ្នកបាត់ខ្លួន។

ដុកដូ (Dokdo) គឺជាប្រជុំកោះដ៏តូចមួយ ដែលស្ថិតនៅក្នុងសមុទ្រជប៉ុន (Japan Sea) ចន្លោះប្រទេស កូរ៉េខាងត្បូង និងជប៉ុនតែម្តង។ ប្រជុំកោះដែលជប៉ុនដាក់ឈ្មោះថា តាកេហ្ស៊ីម៉ា មួយនេះគឺបច្ចុប្បន្នកូរ៉េខាងត្បូងជាអ្នកគ្រប់គ្រង ប៉ុន្តែសម្រាប់ជប៉ុនវិញក៏កំពុងអះអាងកម្មសិទ្ធិដូចគ្នា៕