Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្វីលីពីន៖ រថយន្តជ្រុលចង្កូតធ្លាក់ចូលជ្រោះ «ផ្តាច់ជីវិតមនុស្ស១៩នាក់ និង២២នាក់រងរបួស»

01-11-2019 08:54

(ម៉ានីល)៖ មនុស្សយ៉ាងហោចណាស់ ១៩នាក់បានស្លាប់ និង ២២នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តដែលពួកគេជិះបានជ្រុលចង្កូត ធ្លាក់ចូលទៅក្នុងជ្រោះក្បែរដងផ្លូវ ស្ថិតនៅក្នុងខេត្តអាផាយ៉ាវ (Apayao) ជាតំបន់ប្រជុំភ្នំនៃភាគខាងជើងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

មន្ត្រីប៉ូលិសហ្វីលីពីនបានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧៖០០នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងម៉ានីល) ដោយយានជំនិះកើតហេតុជាប្រភេទរថយន្តទ្រុង ធ្វើដំណើរពីខេត្តកាលីងហ្គា (Kalinga) ឆ្ពោះទៅខេត្ត Apayao បានរអិលចេញផ្លូវ និងធ្លាក់ចូលទៅក្នុងជ្រោះស្ថិតនៅក្បែរខាងនោះតែម្តង។

គួរបញ្ជាក់ថា បញ្ហាភូមិសាស្ត្រពិបាកអាចជាកត្តាចម្បង ដែលបានបង្កឲ្យគ្រោះថ្នាក់ខាងលើនេះ កើតមានឡើង។ ប៉ូលិសបានបន្ថែមទៀតថា ជនរងគ្រោះភាគច្រើនសុទ្ធសឹងតែជាមនុស្ស ដែលមានវ័យចំណាស់ ដោយពួកគេបានព្យាយាមធ្វើដំណើរទៅកាន់ខេត្តខាងលើនេះ ក្នុងគោលបំណងស្នើសុំជំនួយពីរដ្ឋាភិបាល ហើយគ្រោះថ្នាក់បានកើតមានឡើង នៅពេលពួកគេជិះត្រឡប់មកវិញ៕