(ម៉ានីល)៖ គ្រោះរញ្ជួយដីចំនួនពីរលើក នៅខេត្តភាគខាងត្បូងហ្វីលីពីនដូចគ្នា គឺមួយកើតឡើងកាលពីថ្ងៃទី២៩ ខែតុលា និងមួយទៀតនៅព្រឹកថ្ងៃទី៣១ ខែតុលានេះ បានបង្កឲ្យមានការខូចខាតយ៉ាងដំណំ ខណៈមនុស្សស្លាប់សរុបបានកើនឡើងដល់ ១៣នាក់ និងជាង ៤០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។
សម្រាប់គ្រោះរញ្ជួយដីជាថ្មីកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះវិញ គឺបានផ្តាច់ជីវិតមនុស្ស ០៥នាក់ និងមួយចំនួនទៀតរងរបួស (មិនទាន់អាចបញ្ជាក់តួលេខច្បាស់លាស់) នៅក្នុងខេត្តកូតាបាតូ (Cotabato) នៃប្រជុំកោះមីនដាណាវ (Mindanao) ភាគខាងត្បូងហ្វីលីពីន។ គ្រោះរញ្ជួយដីនេះមានកម្រិត ៦.៥រ៉ិចទ័រ ដែលជាកម្រិតធ្ងន់មួយសម្រាប់ការវាយប្រហារ នៅតំបន់ប្រជុំជន។ ដោយឡែកគ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ ដែលបានកើតឡើងនៅទីតាំងដូចគ្នាខាងលើនេះកាលពីថ្ងៃទី២៩ ខែតុលា បានបណ្តាលឲ្យមនុស្សស្លាប់ ០៨នាក់ និងខ្ទង់ ៤០០នាក់រងរបួស។
ដូច្នេះសរុបសេចក្តីមក គ្រោះរញ្ជួយដីទាំងពីរលើកនៅក្នុងសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្សស្លាប់សរុប ១៣នាក់ និងជាង ៤០០នាក់។ បន្ថែមពីនេះចំនួនហេដ្ឋានរចនាសម្ព័ន្ធ និងលំនៅឋានប្រជាជនដែលបានរងភាពខ្ទេចខ្ទីនោះ មិនទាន់មានការបញ្ជាក់តួលេខនោះឡើយ ខណៈប្រតិបត្តិការសង្គ្រោះដោយអាជ្ញាធរហ្វីលីពីន កំពុងតែបន្តនៅឡើយ៕