Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការព្យាករណ៍ថ្មី៖ ទីក្រុងជាច្រើនថែមទៀត នឹងត្រូវលិចក្នុងទឹកសមុទ្រ នៅឆ្នាំ២០៥០ (Photo inside)

31-10-2019 15:53

(បរទេស)៖ ការសិក្សាថ្មីមួយចេញផ្សាយក្នុងសប្តាហ៍នេះបានបង្ហាញថា មនុស្សយ៉ាងតិច ១៥០លាននាក់កំពុងតែរស់នៅលើដែនដី ដែលនឹងត្រូវជន់លិចនៅដោយទឹកសមុទ្រនៅឆ្នាំ២០៥០ នៅពេលទឹកជោរ ខណៈការប៉ាន់ស្មានកន្លងមកធ្លាប់ត្រូវគេជឿជាក់ថា ត្រឹមតែខ្ទង់ ៣៨លាននាក់ប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

យោងតាមទិន្នន័យនៃសិក្សាថ្មីដោយក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការ Climate Central ៧០ភាគរយនៃអ្នកដែលត្រូវប្រឈមមុខ ជាមួយហានិភ័យនៃការជន់លិចជារៀងរាល់ឆ្នាំ និងការជន់លិចជាអចិន្ត្រៃយតែម្តងនោះ គឺស្ថិតនៅប្រទេសចំនួន ០៨នៃតំបន់អាស៊ីដូចជា៖ ចិន បង់ក្លាដែស ឥណ្ឌា វៀតណាម ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និងជប៉ុន។
ទីក្រុងធំៗរបស់ចិនដែលស្ថិតលើសណ្ឋានដីវាលទំនៀប ហើយនៅជាប់តំបន់ឆ្នេរដូចជា សៀងហៃ (Shanghai), ធានជិន (Tianjin), និងហុងកុង (Hong Kong) ព្រមទាំងរដ្ឋធានីហាណូយរបស់វៀតណាម, រដ្ឋធានីដាការបស់បង់ក្លាដែស និងទីក្រុង កូលកាតា (Kolkata) របស់ឥណ្ឌា គឺសុទ្ធតែងាយរងគ្រោះជាងគេ។

គួរជម្រាបថា មិនតែតំបន់អាស៊ីនោះទេ ទិន្នន័យសិក្សារបស់អង្គការ Climate Central ក៏បានបង្ហាញដែរថា នៅឆ្នាំ២១០០ ប្រទេសយ៉ាងតិច ១៩ផ្សេងទៀត រួមមានប្រេស៊ីល និងចក្រភពអង់គ្លេសជាដើម អាចនឹងត្រូវបាត់បង់តំបន់ឆ្នេរទៅក្រោមផ្ទៃសមុទ្រ ពេលមានបាតុភូតទឹកជោរ៕